នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមេសា គ.ស. ២០១៨ មានប្រារព្ធពិធីសូត្រមន្ត រាប់បាតប្រគេនចង្ហាន់ព្រះសង្ឃចំនួនប្រាំបួនអង្គ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ គ.ស. ២០១៨ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាតក្រសួងបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។ ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរិទ្ធិស័ក ដែលនឹងឈានចូលមកដល់នាថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ព.ស. ២៥៦២ ខាងមុខនេះ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងអស់ ឯកឧត្តមរដ្ឋមន្ត្រី សូមថ្វាយព្រះពរ និងជូនពរ និងឧទ្ទិសកុសលផលបុណ្យថ្វាយ និងជូន ដល់ព្រះករុណាសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជួបប្រទះពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈនិង ពលៈ កុំបីឃ្លៀតឃ្លាតឡើយ។