នៅរសៀល ថ្ងៃព្រហស្បតិ៍ ០២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា គ.ស.២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌលស្រូវហាយប្រ៊ីតហ៊ូណាន និងក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មជាងស៊ូឡុងអាន ស្តីពីការស្រាវជ្រាវផលិតពូជស្រូវហាយប្រ៊ីតប្រភេទជប៉ុននីកា ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន។ សូមបញ្ជាក់ថាអនុស្សារណៈយោគយល់គ្នានេះមានគោលបំណងជំរុញផលិតកម្មពូជស្រូវប្រភេទជប៉ុននីកា ផ្យព្វផ្សាយដល់ប្រជាកសិករយកទៅដាំដុះ រួចធ្វើការកែច្នៃដើម្បីនាំចេញទៅកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិ។ ឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនប្រតិភូថាចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា នាពេលនេះ ពិតជាបានឆ្លើយតបទៅនឹងការសន្យារបស់ ឯកឧត្តមលី ខឺឈាង នាយកដ្ឋរដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតចិនការក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា នាថ្ងៃទី១១ ខែមករា កន្លងទៅ ។ មួយវិញទៀត ពិធីចុះហត្ថលេខានាថ្ងៃនេះ គឺស្របពេលដែលក្រសួងកសិកកម្មបាននិងកំពុងជំរុញឲ្យប្រជាកសិករធ្វើការផ្លាស់ប្តូរដំណាំពីដំណាំដែលផ្តល់ទិន្នផលតិចនិងគ្មានទីផ្សារ ទៅធ្វើដំណាំដែលផ្តល់ទិន្នផលខ្ពស់ប្រកបដោយគុណភាព និងមានទីផ្សារល្អ សំដៅដល់ការជំរុញផលិតភាពផលិតកម្ម បង្កើនសន្តិសុខស្បៀងនិងបង្កើនសមត្ថភាពចិញ្ចឹមលើផ្ទៃដីដ៏ដែល។ អនុស្សារណៈថ្ងៃនេះគឺជាការរិតចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីរវាងរដ្ឋាភិបាលទាំងពីរ និងជាពិសេសរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងកសិកម្មនៃសាធារណៈរដ្ឋប្រជាមានិតចិនហើយក៏ដូចជាការអនុវត្តគោលនយោបាយខ្សែប្រវ៉ាត់និងផ្លូវរបស់ប្រធានាធិបតីស៊ី ជិនភីង ផងដែរ។ ឯកឧត្តមប្រតិភូចិនបានសន្យាថានឹងព្យាយាមអនុវត្តរាល់ខ្លឹមសារនៃអនុស្សារណៈយោគយល់គ្នានេះឲ្យបានល្អប្រសើរដើម្បីជាប្រយោជន៍របស់ប្រទេសទាំងពីរ ជាពិសេសដើម្បីការអភិវឌ្ឍន៍វិស័យកសិកម្ម (ដំណាំស្រូវ) នៅកម្ពុជានាពេលអនាគត។ ស្តែងចេញពីសមិទ្ធផលនេះ ឯកឧត្តមប្រតិភូសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារមិត្តចិន ដែលបានខិតខំយកអស់កម្លាំងកាយចិត្តពិនិត្យនិងកែសម្រួលរហួតទទួលបានលទ្ធផលនាថ្ងៃនេះ។ តមតាមការអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីនឹងរកឱកាសសមស្របណាមួយទៅធ្វើទស្សនកិច្ចជាផ្លូវការនៅមជ្ឈមណ្ឌលស្រូវហាយប្រ៊ីតហ៊ូណាននាពេលអនាគតដ៏ខ្លី។