ដោយពិនិត្យឃើញនូវភាពចាំបាច់នៃការជំរុញទីផ្សារផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ នៅរសៀលថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបក្រុមហ៊ុន Pagoda ដើម្បីពិភាក្សាពីសក្តានុពលទីផ្សារកសិផលនៅប្រទេសចិន និងយន្តការនៃកិច្ចសហការរវាងឯកជននិងរដ្ឋនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិស្វាគមន៍ដល់គណប្រតិភូក្រុមហ៊ុន និងបានសម្តែងក្តីរីករាយដែលក្រុមហ៊ុន មានចំណាប់អារម្មណ៍មកវិនិយោគលើកសិ-ឧស្សហកម្មនៅកម្ពុជា។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនថា កម្ពុជាមានធនធានគ្រប់គ្រាន់ ទាំងដី ទឹក និងអាកាសធាតុដែលអំណោយផលក្នុងផលិតកម្មកសិកម្ម។
ទន្ទឹមនឹងនេះកម្ពុជាបានផលិតនូវកសិផលជាច្រើន ដែលពុំបានផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ។ ហេតុដូចនេះ កម្ពុជាទាមទារនូវក្រុមហ៊ុនបរទេសដែលមានឆន្ទៈសហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីផលិតនូវផលិតផលកសិកម្មប្រកបដោយគុណភាពនិងឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិ មានទំនាក់ទំនងទីផ្សារច្បាស់លាស់ និងមានការយល់ដឹងខ្ពស់ពីនីតិវិធីក្នុងការនាំកសិផលទៅកាន់ទីផ្សារអន្តរជាតិ។
ក្នុងជំនួបនេះ ក្រុមហ៊ុនបានបញ្ជាក់ជូនថា ក្រុមហ៊ុន Pagoda ជាក្រុមហ៊ុនលក់រាយនូវផ្លែឈើលំដាប់អន្តរជាតិនៅក្នុងទីផ្សារប្រទេសចិនហើយបច្ចុប្បន្នក្រុមហ៊ុនមានទីតាំងហាងចំនួន ២៧០០ហាង ដែលមានទីតាំងស្ថិតនៅ ៤០ទីក្រុង នៃខេត្តចំនួន១៣ នៅប្រទេសចិន អាចរកចំណូលបានក្នុងឆ្នាំ២០១៧ ចំនួនប្រមាណ ១០០លានដុល្លារអាមេរិក។
ដោយមានការកើនឡើងនូវតម្រូវការផ្លែឈើក្នុងទីផ្សារប្រទេសចិន ក្រុមហ៊ុនបានទទួលការផ្គត់ផ្គង់ពីក្រុមហ៊ុនជាង ៥០០ និងនាំចូលពីជាង ២១ប្រទេសលើពិភពលោក។ ដូច្នេះក្រុមហ៊ុនមានបំណងមកវិនិយោគលើការដាំដុះ កែច្នៃ និងវេចខ្ចប់ ហើយនាំទៅកាន់ទីផ្សារប្រទេសចិន ដើម្បីបំពេញនូវកំណើនតម្រូវការនាពេលខាងមុខ។ ក្រុមហ៊ុនក៏បានស្នើដល់ក្រសួងមេត្តាគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុន Pagoda នៅក្រោយពេលបញ្ចប់ការរៀបចំ Master Plan រួចរាល់។