បន្ទាប់មកនៅវេលាម៉ោង៣៖៣៥ រសៀល នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក៏បានអនុញ្ញាតអោយ លោក Richard Kamolvathin នាយកប្រតិបត្តិនៃក្រុមហ៊ុន GroGenesisនៃសហរដ្ឋអាមេរិក និងលោក Sandeep Majumdar ប្រធានក្រុមហ៊ុន Curewel International Co., Ltd ចូលជួបសម្តែងការគួរសម និងជម្រាបពីវឌ្ឍនភាពនៃការធ្វើកសិកម្មសរីរាង្គ និងអាហារូបត្ថម្ភ ដែលក្រុមហ៊ុនទាំងពីរបានរួមគ្នាសហការជាមួយវិស័យឯកជននៅកម្ពុជា។យោងតាមការរាយការណ៍របស់លោក Richard Kamolvathin បានអោយដឹងថា ក្រុមហ៊ុនរបស់លោកមានបច្ចេកវិទ្យាទំនើបដែលមិនពឹងពាក់លើការប្រើប្រាស់ជាតិគីមីក្នុងការធ្វើកសិកម្ម ពោលគឺផ្តោតលើការប្រើប្រាស់ជីវវិទ្យាដើម្បីបង្កើនរស្មីសំយោគនៃដំណាំដោយត្រូវចំណាយតែ ៥០០មីលីលីត្រប៉ុណ្ណោះ ក្នុងមួយហត។ ទន្ទឹមនឹងនេះ លោក Richard Kamolvathin ក៏មានបញ្ជាក់ផងដែរថា បន្លែ ផ្លែឈើដែលបានដាំដោយបច្ចេកវិទ្យារបស់លោកត្រូវបានសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ទទួលស្គាល់ថាជាម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភខ្ពស់។