នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមពីសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះសមាគម ដែលប្រឹងប្រែងថែរក្សាដំរីស្រុកនៅកម្ពុជា ខណៈបរិមាណដំរីស្រុកនេះ មានចំនួនតិចតួច ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បង្កើនបន្ថែមទៀត។
នៅក្នុងការងារថែទាំនិងចិញ្ចឹមសត្វដំរី ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់សមាគមឱ្យគិតគូរដល់សុខុមាលភាពដំរីឱ្យបានល្អ ត្រូវមានផែនការច្បាស់លាស់ ដើម្បីធានានូវប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។
ចំពោះការស្វែងរកការសហការជាមួយក្រសួងកសិកម្ម ក្នុងការបន្តឆន្ទៈអភិរក្សដំរីខ្មែរអៃរាវត្តានេះ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ក្រសួងនឹងជួយសមាគមលើបច្ចេកទេសនិងអ្នកជំនាញ ព្រមទាំងការផ្សព្វផ្សាយ និងលទ្ធភាពក្នុងការស្វែងរកថវិកាគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធនានាផងដែរ៕