រសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមប្រតិភូរាជរដ្ឋភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពសត្វបានអញ្ជើញទៅពិនិត្យកសិដ្ឋានចិញ្ចឹមគោរបស់ក្រុមហ៊ុនឡុងស្រេង នៅភូមិ៣៥ ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។ យោងលើរបាយការណ៍របស់ក្រុមហ៊ុនឲ្យដឹងថាកសិដ្ឋានបានដំណើរការ៤ ឆ្នាំមកហើយ បច្ចុប្បន្នមានគោសរុបចំនួនប្រមាណជិត ១០០០ក្បាល ភាគច្រើនពូជគោទាំងនេះត្រូវបាននាំចូលពីប្រទេសអូស្រ្តាលី និងពូជក្នុងស្រុកចិញ្ចឹមយកសាច់ក្នុងបំណងផ្គត់ផ្គង់សាច់ឲ្យទីផ្សារ ក្នុងស្រុកនិងនាំគោរស់ចេញទៅក្រៅប្រទេស។
ក្រៅពីការចិញ្ចឹមគោដែលជាកម្មវត្ថុចំបងនៃការនាំចេញ ក្រុមហ៊ុនក៏បានដាំដំណាំដូចជាខ្មុរ ចេក តាង៉ែន ទុរេន ក្រូចថ្លុង កៅស៊ូ និងម្រេច។ តាមការគ្រោងទុកក្រុមហ៊ុននឹងធ្វើការវេចខ្ចប់រួចនាំពេញ។ មានមតិណែនាំ ឯកឧត្តមរដ្ឋមន្រ្តីស្នើឲ្យក្រុមហ៊ុនរួមសហការលើការងារបច្ចេកទេស ជាមួយអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពសត្វដើម្បីធ្វើការ សិក្សាស្រាវជ្រាវលើ ការបង្កាត់ពូជសត្វ និងការផលិតចំណីសត្វ រួមជាមួយនឹងការជ្រើសពូជស្មៅ និងដំណាំក្នុងការជួយបំប៉នគោ ដោយប្រើប្រាស់ទុនសមស្រប។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវនិងលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុកដាំដំណាំដើម្បីតម្រូវការទីផ្សារ ក្រៅស្រុក ចូលរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។ សូមបញ្ជាក់ផងដែរថាក្រុមហ៊ុននេះបានទទួលសម្បទានដីសេដ្ឋកិច្ចចំនួនជាង៧៣០០ ហត ពីរាជរដ្ឋាភិបាលកាលពីឆ្នាំ២០០៨ យកមកអភិវឌ្ឍដំណាំកសិឧស្សាហកម្មហើយបច្ចប្បន្នក្រុមហ៊ុនបានធ្វើការដាំដុះលើផ្ទៃដីគ្រប់ចំនួនអស់ហើយរង់ចាំតែប្រមូលផលនាពេលអនាគតដ៏ខ្លី។