ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន បានអញ្ជើញចូលរួមជាកិត្តិយសថ្លែងសុន្ទរកថាបើកមហាសន្និបាតលើកទី៨៦ របស់អង្គការសុខភាពសត្វពិភពលោក (OIE) នៅទីក្រុងប៉ារីស ប្រទេសបារាំង។
សូមបញ្ជាក់ផងដែរថានេះជាព្រឹត្តិការណ៍លើកទី១ នៃប្រវត្តិសាស្ត្ររបស់អង្គការសុខភាពសត្វពិភពលោក ដែលមានវត្តមានរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជាចូលរួមថ្លែងសុន្ទរកថាបើកមហាសន្និបាត។ គោលបំណងនៃមហាសន្និបាតលើកទី៨៦ គឺដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនិងការកំណត់ស្តង់ដារនៃការត្រួតពិនិត្យសុខភាពសត្វ និងម្ហូបអាហារ វិធានការការពារជំងឺឆ្លងសត្វ និងពីសត្វមកមនុស្ស ជំរុញការធ្វើពាណិជ្ជកម្មសត្វ និងសាច់សត្វដោយផ្អែកលើព័ត៌មានវិទ្យាសាស្ដ្រថ្មីៗ រួមទាំងទទួលស្គាល់សមាជិកភាពថ្មីដែលអង្គសន្និបាតបានសម្រេច។