នៅព្រឹកថ្ងៃអាទិត្យទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំដំណើរទស្សនកិច្ចសិក្សាស្តីពីសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកសារព័ត៌មាននៅតាមបណ្តារាជធានី-ខេត្តចំនួន៣ ដោយមានការផ្ដួចផ្ដើមរៀបចំដោយលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងគាំទ្រសហការរវាងរដ្ឋបាលជលផល និងអង្គការ UNIDO។
នៅក្នុងមតិសំណេះសំណាលមុនទស្សនកិច្ចចាប់ផ្ដើម លោកជំទាវ អ៊ឹម រចនា បានពន្យល់ទៅកាន់អ្នកសារព័ត៌មានចំនួន១៩ស្ថាប័ន អំពីដំណើរដើមទងដែលជំរុញឱ្យក្រសួងផ្ដួចផ្ដើមឱ្យមានដំណើរទស្សនកិច្ចសិក្សា និងផ្សផ្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផល នៅតាមបណ្តារាជធានី-ខេត្តចំនួន៣ សម្រាប់អ្នកសារព័ត៌មានចំនួនជាង៤០នាក់ មកពី១៩ស្ថាប័ន។
លោកជំទាវ អ៊ឹម រចនា ថ្លែងបន្តថា សុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្សគ្រប់រូប ដែលត្រូវការអាហារ១ថ្ងៃ ៣ពេល ។ ករណីនេះរដ្ឋបាលជលផល បានសហការជាមួយ CAPFISH-Capture គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល អនុវត្តរួមគ្នាដោយ FiA និង UNIDO ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ជំរុញឱ្យដៃគូពាក់ព័ន្ធផលិតម្ហូបអាហារឱ្យមានសុវត្ថិភាព មានស្តង់ដារ លក់ក្នុងតម្លៃសមរម្យ ឱ្យអ្នកប្រើប្រាស់មានលទ្ធភាពទិញបរិភោគ ដើម្បីកាត់បន្ថយការចំណាយ ទើបអាចប្រកួតប្រជែងនៅលើទីផ្សារជាតិ និងអន្តរជាតិ។
បន្ថែមពីនេះ លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ ជួយធ្វើការផ្សព្វផ្សាយអាហារសុវត្ថិភាពនេះឱ្យបានទូលំទូលាយទៅកាន់សាធារណៈជន ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់យល់ដឹងអំពីសារៈសំខាន់នៃសុវត្ថិភាពចំណីអាហារ ដែលជាតម្រូវការប្រចាំថ្ងៃរបស់មនុស្សជាតិ គ្រប់ស្រទាប់វណ្ណៈ។
ចំណែក ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល បានថ្លែងថា ដើមចមដែលរដ្ឋបាលជលផលសហការជាមួយអង្គការ UNIDO ផលិតអាហារសុវត្ថិភាពលក់នៅលើទីផ្សារជាតិ និងអន្តរជាតិ ដើម្បីជាផ្នែកមួយជួយពង្រឹងវិស័យឯកជន និងគិតពីសុខភាពរបស់អ្នកប្រើប្រាស់។ ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះ មានសហគ្រាសចំនួន២៨ ចូលរួមអនុវត្តក្នុងគម្រោងនេះ ដែលក្នុងនោះមានសហគ្រាសចំនួន៨ទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាព CQS ពេញលេញ និងសហគ្រាសចំនួន៤ទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាព CQS ខណៈសហគ្រាសចំនួន៦ទៀត បានស្នើសុំចុះពិនិត្យវាយតម្លៃ ដើម្បីទទួលបានវិញ្ញាបនបត្រ CQS ពីសំណាក់ FiA/DFPTQ ។
បន្ថែមពីនេះ ឯកឧត្តមមានប្រសាសន៍ថា រដ្ឋបាលជលផល និងក្រសួងកសិកម្ម បានយកចិត្តទុកដាក់ផ្តល់ពូជល្អ កាត់បន្ថយថ្លៃដើម ចំណេញពេលវេលា ខណៈធនធានជលផលក្រោយប្រមូលផលពីធម្មជាតិ និងផលដែលទទួលបានពីវារីវប្បកម្ម ត្រូវបានរក្សា និងយកទៅកែច្នៃអាហារសុវត្ថិភាពបន្ថែម ដើម្បីប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិ។
លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេស អង្គការ យូនីដូ (UNIDO) មានប្រសាសន៍ថា ផលិតជនផលក្រោយប្រមូលផលស្តីពីអាហារសុវត្ថិភាព រួមមាន ត្រីឆ្អើរ ត្រីងៀត ទឹកត្រី និងបង្គារក្រៀម មានសារៈសំខាន់ណាស់ ក្នុងប្រកួតប្រជែងជាមួយផលិតផលក្នុងស្រុក និងប្រទេសជិតខាង។ លោកបណ្ឌិតបន្តថា អាហារសុវត្ថិភាពនេះ នឹងត្រូវយកទៅប្រកួតប្រជែងនៅលើទីផ្សារជាតិ អន្តរជាតិ រួមទាំងសហភាពអឺរ៉ុបផងដែរ ។
ដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផលដែលទទួលផលពីគម្រោង CAPFish ចំនួន៦សហគ្រាស ចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ធំ និងខេត្តសៀមរាប៕