នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំពិធីចុះអនុសារណៈយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Hunty Co., Ltd ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលមួយចំនួនទៀត។ ជារួមខ្លឹមសារនៃ MOU នេះគឺមានគោលបំណងពង្រឹងកិច្ចសហការលើការអនុវត្តផែនការសកម្មភាពនៃគម្រោងនាំចេញសាច់ត្រីប្រាក្លាស្សេ (ហ្វីឡេ) និងផលិតផលស្វាយទៅកាន់ប្រទេសចិន ឲ្យបាន ១០ម៉ឺនតោនក្នុងមួយឆ្នាំនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនភ្ញៀវថាលទ្ធផលនាថ្ងៃនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ដែលដឹកនាំប្រទេសប្រកបដោយឆន្ទៈ និងគតិបណ្ឌិត ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការផ្ទាល់ក្នុងការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ចិត្ត ពុះពារបាននូវរាល់បញ្ហាធ្វើយ៉ាងណានាំយកកសិផលកម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិ។ សមិទ្ធផលនាថ្ងៃនេះទៀតសោធន៍ ក៏បានមកពីការជឿជាក់ ទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ហេតុផលនេះក្រុមហ៊ុនបានចុះទុនវិនិយោគចំពេលដែលផលិតផលត្រី ក៏ដូចជាផលិតផលស្វាយរបស់ប្រជាកសិករត្រូវការទីផ្សារនាំចេញ ហើយក៏ជាឱកាសយ៉ាងប្រពៃសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានទទួលបានការងារធ្វើ មានប្រាក់ចំណូលក្នុងគ្រួសារ ឈប់ធ្វើចំណាកស្រុកនិងកាត់បន្ថយភាពក្រីក្រសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។