នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (កាស៊ីក) បានអញ្ជើញជាអធិបតីភាពក្នុងពិធីច្រូតស្រូវ និងកិច្ចប្រជុំពិភាក្សាលើការងារពិសោធន៍ និងស្រាវជ្រាវដើម្បីប្រៀបធៀបការធ្វើកសិកម្មបែបប្រពៃណី និងតាមបែបកសិអេកូឡូស៊ី នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ។
ពិធីនេះក៏មានការអញ្ជើញអមដំណើរពីលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការប្រតិបត្តិកាស៊ីក ព្រមទាំងក្រុមការងារបច្ចេកទេសមកពីនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំង សម្រាប់ការអភិវឌ្ឍអន្តរជាតិ(CIRAD) និងក្រុមការងារលេខាធិការដ្ឋានកាស៊ីក ដែលមានអ្នកចូលរួមសរុបចំនួន១៥នាក់។
សូមជម្រាបថា ពិធីនេះរៀបចំឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តន៍ការងារពិសោធន៍លើកសិអេកូឡូស៊ីដែលបានអនុវត្តកន្លងមក និងចូលរួមការប្រមូលផលស្រូវពិសោធន៍លើកទី១ និងការប្រើប្រាស់ឧបករណ៍កៀពង្រាបដីស្រែដោយគ្មានការភ្ជួររាស់ ព្រមទាំងពិភាក្សាលើផែនការអនុវត្តន៍បន្តលើការងារពិសោធន៍កសិអេកូឡស៊ី នៅវិទ្យាស្ថានកាឌីក្រោមការសម្របសម្រួលដោយសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (កាស៊ីក)៕