សណ្ឋាគារសូហ្វីតែលភ្នំពេញ ព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមយឹម ឆៃលី ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទបានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាស្រូវ-អង្ករកម្ពុជាលើកទី៦ ការសម្ភោធម៉ាកវិញ្ញាតកម្ម “ម្លិះអង្គរ” និងមហាសនិ្នបាតសហព័ន្ធស្រូវអង្ករកម្ពុជាប្រចាំឆ្នាំ២០១៧។ គោលបំណងធំៗរបស់វេទិកានេះគឺ ទី១-ជំរុញនិងបង្កើនផលិតកម្មស្រូវទាំងបរិមាណនិងគុណភាពដើម្បីបង្កើនបរិមាណអង្ករធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ទី២-ខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពធ្វើយ៉ាងណាឲ្យទីផ្សារអន្តរជាតិទទួលស្គាល់ម៉ាកសញ្ញាអង្ករកម្ពុជា ទី៣-ស្វែងរកគន្លឹះល្អៗ និងប្រមូលផ្តុំនូវរាល់ធាតុចូលដែលទទួលបានពីវេទិកាដើម្បីយកមកស្រាយបញ្ហាដែលបាននិងកំពុងជួបប្រទះ រួចដាក់ចេញនូវគោលការណ៍ ត្រឹមត្រូវច្បាស់លាស់និងសមស្របទៅតាមនិន្នាការទីផ្សារអង្គរដើម្បីសម្រេចបាននូវគោលដៅនាំចេញ និង ទី៤-ជំរុញនិងលើកទឹកចិត្តដល់ប្រជាកសិករ និងក្រុមហ៊ុនផលិតឲ្យយកចិត្តទុកដាក់ប្រើប្រាស់បច្ចេកវិទ្យាល្អៗ និងសមស្របទៅតាមលទ្ធភាព ស្ថានភាពនិងគុណភាពដី ទឹក និងលក្ខខណ្ឌក្សេត្របរិស្ថានក្នុងបំណងបង្កើនទិន្នផល ធានាបាននូវគុណភាព និងសុវត្ថិភាពស្របតាមស្តង់ដាទីផ្សារនាំចេញ។ វេទិកានេះត្រូវបានរៀបចំដោយសហព័ន្ធស្រូវអង្ករកម្ពុជា រួមសហការដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន និងមានវត្តមានរបស់ឯកឧត្តម លោកជំទាវ តំណាងស្ថានទូតនានា ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងបងប្អូនតំណាងសហគមន៍កសិកម្មអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនាមក្រសួងឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អប្រសើររបស់សហព័ន្ធស្រូវ-អង្ករកម្ពុជាដែលបានខិតខំសហការរៀបចំវេទិកានេះឡើងសំដៅបន្តជំរុញ និងអភិវឌ្ឍន៍វិស័យស្រូវ-អង្ករនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងពេលបច្ចុប្បន្ននិងពេលអនាគតស្របតាម “គោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ”។ ផ្លែផ្កាដែលទទួលបានចាត់ទុកថាជាសមិទ្ធផលថ្មីមួយទៀតកើតចេញពីកិច្ចសហ ប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ និងបានផ្តល់ឱកាសដល់អ្នករៀបចំគោលនយោបាយ មន្រ្តីជំនាញបច្ចេកទេសនិងអ្នកពាក់ព័ន្ធទាំងអស់បានជួបជុំគ្នាពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីបង្កើនចំណេះដឹងកាន់តែរឹងមាំឈានទៅដល់ការធ្វើសកម្មភាពជាក់ស្តែងបន្ថែមទៀត ឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍវិស័យស្រូវ-អង្ករប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។ លទ្ធផលរបស់វេទិកាគឺជាធាតុចូលដ៏សំខាន់ក្នុងការកសាងគោលនយោបាយ ពិសេសការបង្ហាញអំពីស្ថានភាពនៃចង្វាក់ផលិតកម្មស្រូវ-អង្ករនាពេលបច្ចុប្បន្ន បញ្ហាប្រឈមនានាដែលបានជួបប្រទះ និងសំណើវិធានការគោលនយោបាយសមស្របទាំងឡាយដើម្បីជំរុញកំណើនផលិតកម្មស្រូវនិងការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយជោគជ័យ។ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវ-អង្ករកម្ពុជាដែលបានខិតខំបង្កើតម៉ាកវិញ្ញាតកម្មអង្ករជាតិគឺ “ម្លឹះអង្គរ - Malys Angkor” វាជាគន្លឹះទាក់ទាញអតិថិជនមួយដ៏សំខាន់នៅក្នុងប្រព័ន្ធទីផ្សារអង្ករក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិ។ បន្ថែមលើសពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍នូវគំនិតផ្តួចផ្តើមក្នុងការកសាងផែនការយុទ្ធសាស្ត្រ និងការបង្កើតគោលនយោបាយ សម្រាប់វិស័យស្រូវ-អង្ករនៅតំបន់ជុំវិញបឹងទន្លេសាប និងទន្លេមេគង្គក្រោម បានយកមកពិភាក្សាយ៉ាងផុលផុស ហើយឯកសារនេះក៏ជាមូលដ្ឋានមួយដ៏រឹងមាំ សម្រាប់ជាធាតុចូលក្នុងការរៀបចំកសាងគោលនយោបាយស្រូវ-អង្ករកម្ពុជាថ្មី ដែលបាននិងកំពុងរៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សហការជាមួយភាគីពាក់ព័ន្ធទាំងអស់។ ឯកឧត្តមរដ្ឋមន្រ្តីស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធក្នុងខ្សែចង្វាក់ផលិតកម្មស្រូវ-អង្ករ គួរតែបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្រែក្លាយទៅជាសកម្មភាពអនុវត្តជាក់ស្តែង ក្នុងការចូលរួមចំណែកអនុវត្តឲ្យបានពេញលេញនូវផែនការមេអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០៣០ គឺត្រូវធ្វើឲ្យកសិកម្មកម្ពុជាក្លាយជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង និងធន់នឹងការប្រែប្រួលអាកាសធាតុ ដែលចូលរួមចំណែកក្នុងការផ្តល់សន្តិសុខនិងសុវត្ថិភាពស្បៀង ព្រមទាំងអាហារូបត្ថម្ភសម្រាប់វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ យើងត្រូវរួមគ្នាបន្តផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើសកម្មភាពជាអាទិភាពមួយចំនួនសម្រាប់អង្គវេទិកាធ្វើការពិចារណាដូចតទៅ៖ ទី១.ត្រូវយកចិត្តទុកដាក់លើការអនុវត្តគោលការណ៍គ្រឹះចំនួន៣គឺ៖ (១) ការបង្កើនផលិតភាពដំណាំ “ស្រូវក្រអូប” មានតម្លៃទីផ្សារខ្ពស់ (២) ការបន្ទាបថ្លៃដើមផលិតកម្ម កែច្នៃ និងនាំចេញអង្ករ និង (៣) ការបង្កើនការផ្សព្វផ្សាយលើកឈ្មោះអង្ករកម្ពុជានៅលើឆាកអន្តរជាតិ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ស្នើឱ្យវិស័យឯកជនចងក្រងគ្នាជាធ្លុងមួយក្នុងការស្វះស្វែងរកទីផ្សារ ផ្សារភ្ជាប់នឹងការកែលម្អពូជស្រូវ កំណត់តំបន់ដាំដុះ ចុះកិច្ចសន្យាផលិតជាមួយកសិករ និងអនុវត្តផលិតកម្មស្រូវមានវិញ្ញាបនបត្របញ្ជាក់គុណភាព និងសុវត្ថិភាព ដើម្បីបង្កើនភាពជឿជាក់ដល់អ្នកផលិតនិងអ្នកបញ្ជាទិញ។ ទី២.ស្ថាប័នសំខាន់ៗរបស់រដ្ឋ និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលផ្តល់ការគាំទ្រដល់វិស័យស្រូវ-អង្ករ ត្រូវចូលរួមអនុវត្តប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។ នូវវិធានការគន្លឹះសំខាន់ៗរួមមាន៖ (១)- ការលើកកម្ពស់ផលិតកម្មស្រូវប្រកបដោយគុណភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន (២)- ការបង្កើនប្រសិទ្ធភាពនិងភាពប្រកួតប្រជែងក្នុងការកែច្នៃអង្ករនិង (៣)-ការធ្វើពិពិធកម្មទីផ្សារអង្ករ និងជំរុញការនាំចេញឱ្យកាន់តែមានភាពទូលំទូលាយ។ ទី៣.ពង្រីកនិងធ្វើទំនើបកម្មលើវិស័យកសិកម្ម ដោយជំរុញឱ្យអនុវត្តបច្ចេកវិទ្យាសមស្រប ព្រមទាំងលើកកម្ពស់ការចូលរួមវិនិយោគពីវិស័យឯកជន ក្នុងគ្រប់ខ្សែចង្វាក់តម្លៃកសិកម្ម ដើម្បីផ្សារភ្ជាប់កសិករ ទៅនឹងទីផ្សារតាមអភិក្រម “ភាពជាដៃគូក្នុងចំណោមរដ្ឋ-ឯកជន-ផលិតករ” ហើយផ្នែកឯកជនត្រូវកំណត់ជ្រើសរើសយកសហគមន៍កសិកម្មជាដៃគូសហការផលិត និងប្រមូលទិញកសិផលអនុវត្តយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ការធ្វើទំនើបកម្មកសិកម្មកម្ពុជា អាចចេញដំណើរការបានតាមជម្រើស៣៖ ១) ការអភិវឌ្ឍតាមរយៈការទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល។ ២) ការប្រមូលទិញដីធ្វើកសិដ្ឋានក្នុងការដាំដុះ និង ៣) វិស័យឯកជន រួមជាមួយរដ្ឋ និងសហគមន៍កសិកម្ម ។ ទី៤.ក្រសួងនឹងបន្តលើកកម្ពស់វិធានអនាម័យនិងភូតគាមអនាម័យ (SPS) ដើម្បីសម្រួលពាណិជ្ជកម្ម សមាហរណកម្មសេដ្ឋកិច្ច។ គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តកិច្ចសហការជាមួយក្រសួង ក្នុងការអនុវត្តផលិតកម្មសុវត្ថិភាព តាមគោលការណ៍កសិកម្មសរីរាង្គ និងការអនុវត្តល្អក្នុងផលិតកម្មកសិកម្ម។ ទន្ទឹមនឹងនេះ ភាគីពាក់ព័ន្ធគួរពិចារណារួមគ្នាអំពីការរៀបចំកំណត់សម្គាល់ភូមិសាស្រ្តដំណាំស្រូវ ដែលត្រូវការពារឱ្យមានកេរ្តិ៍ឈ្មោះដូចជាម្រេចកំពតផងដែរ។ ទី៥.ការស្នើសុំប្រើប្រាស់កំពង់ផែឡាំឆាបាង (ប្រទេសថៃ) ដើម្បីសម្រួលការដឹកជញ្ជូនអង្ករ និងកសិផលរបស់កម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ គឺជាជម្រើសមួយទៀតដែលគួរត្រូវបានជំរុញឱ្យមានដំណើរការកាន់តែសកម្មឡើង។ ទី៦.ស្ថាប័នពាក់ព័ន្ធគួរពិនិត្យលទ្ធភាពបញ្ចុះតម្លៃអគ្គិសនីក្នុងចង្វាក់ផលិតកម្មកសិកម្ម ស្របតាមគោលនយោបាយប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមក ពិសេសការប្រើប្រាស់ពេលយប់ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើម។