ព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពីការប្រើប្រាស់ និងគ្រប់គ្រង Web Admin នៃអង្គភាពក្រោមឱវាទរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព លោក ហុង ណារិត ប្រធានមជ្ឈមណ្ឌលព័ត៌មាននិងឯកសារកសិកម្ម។
គោលបំណងសំខាន់នៃវគ្គសិក្ខាសាលានេះ គឺដើម្បីបង្ហាញថាគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើបច្ចុប្បន្នភាពរួចរាល់ មានទ្រង់ទ្រាយ រូបរាងថ្មី និងបានធ្វើតំណភ្ជាប់គេហទំព័រអង្គភាពក្រោមឱវាទទាំងអស់មាន អគ្គនាយកដ្ឋាន និងនាយកដ្ឋានទាំងអស់ដែលនៅក្រោមឱវាទក្រសួង ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានី-ខេត្តផងដែរ។ លោកប្រធានមជ្ឈមណ្ឌលបានស្នើឲ្យមានការសហការគ្នាឲ្យបានល្អក្នុងការបញ្ចូលព័ត៌មានទៅក្នុងគេហទំព័ររបស់អង្គភាពនីមួយៗរៀងៗខ្លួន ដើម្បីឲ្យគេហទំព័រថ្មីនេះមានព័ត៌មានគ្រប់គ្រាន់សម្រាប់ផ្សព្វផ្សាយដល់មហាជនទូទៅ។ លោកប្រធានបានសង្កត់ធ្ងន់ថាការផ្សាព្វផ្សាយព័ត៌មាន គឺជារឿងសំខាន់ និងចាំបាច់ណាស់ ព្រោះវាជាភស្តុតាងសបញ្ជាក់ពីសកម្មភាព និងកិត្យានុភាពរបស់ក្រសួងទាំងមូល។ ដូច្នេះហើយបានជាយើងត្រូវប្រើប្រាស់គេហទំព័រក្នុងការផ្សព្វផ្សាយ ព្រោះវាជាព័ត៌មានផ្លូវការ អាចជឿជាក់ និងទុកចិត្តបាន ដោយមិនមានជនណាម្នាក់អាចបន្លំបាននោះទេ ដោយសារតែរាល់ព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយគឺមានអ្នកទទួលខុសត្រូវលើព័ត៌មាននោះ។
ជាចុងក្រោយលោកប្រធាន សំណូមពរឲ្យសិក្ខាកាមទាំងអស់គ្នាព្យាយាមត្រងត្រាប់យកចំណេះដឹងពីគ្រូឧទ្ទេស ដើម្បីអាចមានសមត្ថភាពក្នុងការបញ្ចូលព័ត៌មានក្នុងគេហទំព័ររៀងៗខ្លួនបន្ទាប់ពីបញ្ចប់វគ្គសិក្ខាសាលានេះ និងបានជូនពរឲ្យសិក្ខាកាមទាំងអស់មានសុខភាពល្អ និងជោគជ័យគ្រប់ភារៈកិច្ច។