រសៀលថ្ងៃសៅរ៍នេះដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តរួមដំណើរជាមួយសហការី ទៅទស្សនារោងចក្រផលិតក្រដាសដ៏ធំមួយ ដែលយកវត្ថុធាតុដើមពីឈើដាំ របស់ក្រុមហ៊ុន Guang Xi Jingui Pulp & Paper Co., LTD នៅសួនឧស្សាហកម្ម Sinar Mas នៅ Qinzhou Harbor នៃទីក្រុងហ្គីនចូវ ខេត្តហ្គាងស៊ី ដែលបានបោះទុន លើការទិញគ្រឿងយន្តក្នុងការផលិតពីប្រទេសអាល្លឺម៉ង់ ដែលមានតម្លៃប្រមាណជាជាង ៤០០ លានដុល្លារអាមេរិក ។ សូមបញ្ជាក់ថា ក្នុងកិច្ចដំណើរការប្រចាំថ្ងៃ រោងចក្រនេះត្រូវការកំទេចឈើប្រេងខ្យល់ប្រមាណជា ២ ០០០ តោន ដែលអាចផលិតក្រដាសបានប្រមាណជា ៤ ០០០ តោន/ថ្ងៃ ។ ផលិតផលដែលផលិតបានត្រូវបាននាំចេញទៅផ្គត់ផ្គង់ទីផ្សារអន្តរជាតិប្រមាណជា ៥០% និង៥០% ទៀតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដែលទទួលបានចំណូលសរុបប្រមាណជាជាង មួយពាន់លានដុល្លារអាមេរិក ។ ទន្ទឹមនឹងនេះដើម្បីឲ្យរោងចក្រមួយនេះដំណើរទៅបានគឺក្រុមហ៊ុនត្រូវការបុគ្គលិកប្រមាណជា ១ ៦០០ នាក់ និងបានធ្វើកិច្ចសន្យាជាមួយប្រជាកសិករ និងរដ្ឋដើម្បីដាំដើមប្រេងខ្យល់ប្រមាណជា ដប់ម៉ឺនហិកតា គួបផ្សំជាមួយការនាំចូលកំទេចឈើប្រេងខ្យល់ប្រមាណជាជិតពាក់កណ្តាលទៀតពីបណ្តាប្រទេសនានាក្នុងតំបន់ ជាពិសេសការនាំចូលម៉្សៅរលោងដែលផលិតចេញពីដំឡូងមី ពីប្រទេសថៃឡង់ដ៍ផងដែរ។