នៅព្រឹកថ្ងៃទី១៧ តុលា ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងទិវាស្បៀង អាហារពិភពលោកឆ្នាំ២០១៧ ក្រោមប្រធានបទ ផ្លាស់ប្តូរអនាគតនៃការធ្វើចំណាកស្រុកតាមរយៈការវិនិយោគលើសន្តិសុខស្បៀងនិងអភិវឌ្ឍជនបទ។ ទិវានេះបានប្រារព្ធនៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី លោកស្រី Nancy Walters តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា លោក Alexandre Huynh តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា ឯកឧត្តម លី ឡេង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី ក្រុមកសិករ សហគមន៍កសិកម្ម ដៃគូអភិវឌ្ឍ ភ្ញៀវជាតិ អន្តរជាតិ សរុបចំនួនប្រមាណជាង៦០០នាក់។ នេះគឺជាលើកទី៣៧ហើយនៃការរៀបចំទិវាស្បៀងអាហារពិភពលោក ហើយព្រឹត្តិការណ៍ជាសាកលរបស់អង្កការសហប្រជាជាតិ ដែលបណ្តាប្រទេសនានាលើពិភពលោកបានប្រារព្ធពិធីនេះឡើងក្នុងន័យបំផុសស្មារតីឲ្យយល់ដឹងនិងទទួលស្គាល់អំពីតួនាទីដ៏មានសារសំខាន់នៃវិស័យកសិកម្មក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀង និងអភិវឌ្ឍជនបទសំដៅឈានទៅរកការបញ្ចប់ភាពអត់ឃ្លាន កាត់បន្ថយចំណាកស្រុករបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងកម្មវិធីនេះមានការដាំឈើជានិមិ្មតរូប ការតាំងពិព័រណ៌ផលិតផល និងសម្ភារកសិកម្ម របស់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុនឯកជន។ នៅក្នុងពិធីនេះក៏មានការផ្តល់ជូនកសិករដែលចូលរួមនូវពូជស្រូវចំនួន២០គីឡូក្រាម និងកូនឈើហូបផ្លែ៣ប្រភេទ។