នាព្រឹកថ្ងៃដ៏ដែលនេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តដំណើរទស្សនកិច្ចចុះពិនិត្យមជ្ឈមណ្ឌលអភិរក្សសត្វព្រៃ និងជីវចម្រុះ Angkor Centre For Conservation of Biodiversity (ACCB) នៅភូមិកំព្រហ្ន ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សូមបញ្ជាក់ថាស្ថាបនិកដែលបានសហការជាមួយរដ្ឋបាលព្រៃឈើក្នុងការកសាងមជ្ឈមណ្ឌលសត្វព្រៃ និងជីវចម្រុះ ACCB នេះឡើងនៅឆ្នាំ២០០៣ គឺលោក សំ វាសនា នៅលើផ្ទៃដីប្រមាណជាង ៣២ហត ក្នុងគោលបំណងអភិរក្សសត្វព្រៃដែលជិតផុតពូជ សង្គ្រោះ និងព្យាបាលសត្វព្រៃដែលមានជំងឺ ឫរបួសដើម្បីព្រលែងចូលព្រៃវិញនាពេលដែលសមស្របណាមួយ។ បច្ចុប្បន្ន មជ្ឈមណ្ឌលមានបុគ្គលិកបម្រើការងារទាំងផ្នែកបច្ចេកទេស និងជំនួយការរួមគ្នា ទាំងថែរក្សាហេដ្ឋារចនាសម្ព័ន្ធនិងថែទាំសុខភាពសត្វសរុបចំនួន ២៨នាក់ ដោយមានបុគ្គលិកខ្មែរចំនួន ២៣នាក់ និងបរទេសចំនួន ៥នាក់។ ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលកំពុងអភិរក្ស និងថែទាំសត្វព្រៃចំនួន ៤១ប្រភេទ ក្នុងនោះមានសរុបប្រមាណជា ៥៣៧ ក្បាល។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើឲ្យសហការល្អ ពិនិត្យ លទ្ធភាពប្រគល់សត្វព្រៃមួយចំនួនមកមជ្ឈមណ្ឌលនេះដើម្បីបន្តការបង្កាត់ពូជ ដើម្បីធានាដល់និរន្តរភាពនៃពូជសត្វព្រៃដែលកម្រសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ និងសិក្សាស្វែងយល់អំពីសារៈសំខាន់នៃសត្វព្រៃ ចំពោះបរិស្ថាននិងជីវចម្រុះ។