នាព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះពិនិត្យវឌ្ឍនភាពក្រុមហ៊ុន កូវីផាម៉ា ក្រុមហ៊ុ វ៉ារ៉ាណាស៊ី និងក្រុមហ៊ុន សេដ្ឋិកុលា ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យសក្តានុពលនៃក្លូនកៅស៊ូនៅក្នុងចម្ការពិសោធន៍ក្លូនទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី។
ចម្ការពិសោធន៍ក្លូនកៅស៊ូទ្រង់ទ្រាយធំនេះ ត្រូវបានរៀបចំឡើងនៅឆ្នាំ ២០១០ ក្រោមកិច្ចកសហការរវាងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាជាមួយក្រុមហ៊ុន ( Socfin-kcd)។ លទ្ធផលនៃចម្ការពិសោធន៍ក្លូនទ្រង់ទ្រាយធំនៅខេត្តមណ្ឌលគិរីនេះ គឺជាមូលដ្ឋានគ្រឹះក្នុងការជ្រើសរើសក្លូនកៅស៊ូសម្រាប់បម្រើដល់ការដាំដុះ និងអភិវឌ្ឍន៍ដំណាំកៅស៊ូនៅខេត្តមណ្ឌលគិរីផ្ទាល់តែម្តង។
បន្ទាប់មក គណ:ប្រតិភូបានចុះពិនិត្យសកម្មភាពបង្រៀនចៀរជ័ររបស់ក្រុមហ៊ុន ដែលជាផ្នែកមួយដ៏សំខាន់នៅក្នុងច្រវាក់ផលិតកម្មកៅស៊ូដើម្បីធានាបានទាំងនិរន្តភាពបរិមាណផល និងរយ:ពេលចៀរជ័របានយូរអង្វែង។
ឯកឧត្តម ប្រាក់ ដាវីដ បានកោតសរសើរដល់ក្រុមហ៊ុនក្នុងការវិនិយោគលើដំណាំកៅស៊ូនៅខេត្តមណ្ឌកគិរី និងបានណែនាំឱ្យវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ត្រូវខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនលើការពិសោធស្រាវជ្រាវបន្តទៀត ពិសេសការរៀបចំបង្កើតចម្ការពិសោធន៍ក្លូនថ្មីទៀតដោយរាប់បញ្ចូលទាំងក្លូនកៅស៊ូកម្ពុជាដែលទើបតែបានបង្កើតឡើងថ្មីៗ ដោយវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា៕