នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំជាមួយមន្រ្តីកសិកម្មឃុំ នៅឃុំសាកល្បង ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីវាយតម្លៃលើការកសាងប្រព័ន្ធពូជសុទ្ធផ្ការំដួល ។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា កាលពីឆ្នា២០២៣ មន្រ្តីកសិកម្មឃុំបានគាំទ្រកសិករចំនួន ២២២គ្រួសារ ឱ្យបានចូលរួមប្រើពូជសុទ្ធផ្ការំដួល។ ឯកឧត្តមបន្តថា តាមរយ:ការចុះសិក្សាវាយតម្លៃ ជាមួយកសិករទាំងអស់ ការប្រើពូជសុទ្ធនាំមកនូវអត្ថប្រយោជន៍សំខាន់ៗ ដូចជា ការកើនផល ១៥ភាគរយ កាត់បន្ថយការប្រើពូជបានប្រមាណ ៣០ភាគរយ ងាយស្រួលលក់ និងបានតម្លៃខ្ពស់។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា នៅរដូវខាងមុខ ចំនួនកសិករប្រើពូជសុទ្ធទាំង ១០ឃុំ អាចកើនដល់ឡើង ១ ០០០គ្រួសារ ។ តាមរយៈលទ្ធផលនិងបទពិសោធនៅស្រុកជើងព្រៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបង្កើនការជំរុញការប្រើពូជសុទ្ធឲ្យបានទូលំទូលាយទូទាំងប្រទេស តាមរយ:មន្រ្តីកសិកម្មឃុំ ដែលទើបរើសបានចំនួន ២៥០រូប និងរើសបន្ថែម ៨០០រូបទៀត នៅក្នុងឆ្នាំ២០២៤នេះ៕