នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានប្រារព្ធទិវា "មច្ឆជាតិ" លើកទី១៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្ត្រី រដ្ធមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅអាងទឹកទំនប់ពហុបំណងបាត់ដំបង ទំនប់សេកសក ភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្នុងទិវាដ៏ឧត្តុង្គឧត្តមនេះក៏មានការចូលរួមយ៉ាងមហោឡារិកពីដំណាក់ឯកឧត្តម លោកជំទាវ សមាជិកនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ធទូត អង្គការជាតិ និងអន្តរជាតិ មន្ត្រីរាជការ សិស្សានុសិស្ស និងបងប្អូនជនរួមជាតិ ទាំងអស់ចំនួន៥ ៥០០ នាក់ ក្នុងគោលបំណងបំផុសចលនាប្រជាពលរដ្ធអោយចូលរួមថែរក្សាពូជត្រី ការអភិរក្សជីវចម្រុះ និងវារិជាតផ្សេងៗទៀតអោយបានគង់វង្សដើម្បីធានានិរន្តរភាពធនធានជលផលអោយបានគ្រប់គ្រាន់សម្រាប់តម្រូវការរបស់ប្រជាជនយើង។ សូមបញ្ជាក់ផងដែរថាក្នុងទិវាមច្ឆជាតិលើកទី១៥នេះ រដ្ឋបាលជលផល ដែលជាសេនាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីលែងកូនត្រីចម្រុះចំនួន១ លានក្បាល កូនបង្កង១សែនក្បាល និងមេត្រីពូជមួយចំនួនដូចជាត្រីគល់រាំង ត្រីប្រា ត្រីឆ្ពិន ត្រីកាហែ ត្រីអណ្តែង ត្រីក្រាញ់ ត្រីផ្ទក់ អន្ទង់ កង្កែប និងអណ្តើក។ល។