នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប និងពិភាក្សាការងារជាមួយនាយកប្រតិបត្តិវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីការយកចិត្តទុកដាក់ជំរុញការផលិតផលិតផលកសិកម្មឱ្យមានគុណភាព តាមស្តង់ដា និងតម្រូវការទីផ្សារ។ ទាក់ទងនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យ CDRI សហការចូលរួមក្នុងការសិក្សាវិភាគសេដ្ឋកិច្ច តម្រូវការទីផ្សារ និងស្រាវជ្រាវលើការប្រើប្រាស់បច្ចេកវិទ្យា (Digitalization) ដែលជួយសម្រួលក្នុងខ្សែច្រវាក់តម្លៃ តាំងពីអ្នកផលិតរហូតអ្នកប្រើប្រាស់ តាមរយៈប្រព័ន្ធមួយដែលកសិករអាចបំពេញបានដោយខ្លួនឯង ព្រមទាំងភាពច្នៃប្រឌិតថ្មីៗ (Innovation) ដែលជួយដល់ផលិតកម្មកសិកម្មដូចជាគ្រឿងម៉ាស៊ីន ផ្ទះសំណាញ់ និងកសិដ្ឋានឆ្លាតវៃ (Smart Farm) ជាដើម។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី គោលដៅនៃការងារនេះ គឺដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋ តាមរយៈការដាក់ចេញផែនការកសិកម្មច្បាស់លាស់ ឈានទៅធានាបាននូវសន្តិសុខស្បៀង ដែលអាចឱ្យកសិករបន្តការដាំដុះ រក្សាបានតម្លៃថេរនៃកសិផលនៅក្នុងស្រុក និងតម្លៃខ្ពស់សម្រាប់កសិផលនាំចេញ៕