នៅទីស្តីការក្រសួងនារសៀលថ្ងៃច័ន្ទ ០៤រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមីនា គ.ស ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Wang Wenbiao នាយកក្រុមហ៊ុន Elion និងសហការរីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារទាក់ទងនិងកម្មវត្ថុនៃការវិនិយោគលើការស្តារឡើងវិញតំបន់ព្រៃឈើរេចរឹលបំណងប្រែក្លាយឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិនិងជម្រកសត្វព្រៃ ។ មានមតិស្វាគមន៍ប្រតិភូ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនភ្ញៀវអំពីការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយបើកទូលាយ ស្វាគមន៍និងលើកទឹកចិត្តដល់វិនិយោគិនទាំងក្នុងនិងក្រៅស្រុកដើម្បីធ្វើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចទាំងក្នុងពេលបច្ចុប្បន្ននិងអនាគត។
ផ្តើមចេញពីការវិនិយោគ ធ្វើឲ្យសេដ្ឋកិច្ចជាតិមានកំណើនដល់ទៅ៧%។ យោងលើកម្មវត្ថុរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្រ្តីសូមស្វាគមន៍ចំពោះគោលបំណងវិនិយោគលើការស្តារឡើងវិញនូវតំបន់ព្រៃឈើរេចរឹល ដើម្បីប្រែក្លាយតំបន់នោះឲ្យទៅជាតំបន់ អេកូទេសចរណ៍ធម្មជាតិ បង្កើតការងារសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ពិសេសសមាជិកសហគមន៍ព្រៃឈើ និងបង្កើតនិងការពារជម្រកសត្វព្រៃ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីស្នើឲ្យក្រុមហ៊ុនសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (រដ្ឋបាលព្រៃឈើ) ដោយបង្កើតក្រុមការងារបច្ចេកទេសដើម្បីរៀបចំសេចក្តីព្រាងឯកសារពាក់ព័ន្ធទាំងការងារបច្ចេកទេស គោលនយោបាយ ផែនការវិនិយោគ ស្របតាមបទដ្ឋានគតិយុត្ត រួមទាំងធ្វើការសិក្សានិងវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន សង្គម និងសេដ្ឋកិច្ចឲ្យបានស៊ីជម្រៅមុននឹងក្រសួងធ្វើការពិចារណាដាក់សំណើជូនទៅរាជរដ្ឋាភិបាលដើម្បីពិនិត្យនិងសម្រេច។