នៅទីស្តីការក្រសួងនាល្ងាចថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាឲ្យលោក ឧកញ៉ា ឡេង ឬទ្ធី ប្រធានសម្ព័ន្ធកៅស៊ូវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ជូនជ្រាបពីដំណើរការនៃការរៀបចំឯកសារ ពាក់ព័ន្ធសំខាន់ៗ ដូចជាឯកសារចុះអនុស្សារណៈយោគយល់គ្នា ឯកសារសម្របសម្រួលនៃការធ្វើកសិកម្មតាមកិច្ចសន្យារវាងភាគីទាំងពីរ ដើម្បីឈានទៅធ្វើការប្រមូលទិញស្វាយចន្ទីពីប្រទេសកម្ពុជារួចនាំចេញទៅប្រទេសវៀតណាម។ សូមអនុញ្ញាតបញ្ជាក់ជូនជ្រាបថា នាពេលថ្មីៗកន្លងទៅនេះសមាគមន៍ស្វាយចន្ទីវៀតណាមបានមកជួបពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្រ្តី ដើម្បីសិក្សាពីលទ្ធភាពក្នុងការវិនិយោគដាំ និងចុះកិច្ចសន្យាប្រមូលទិញផលិតផលស្វាយចន្ទីពីកម្ពូជារួចនាំចេញទៅប្រទេសវៀតណាមជាលក្ខណៈផលិតផលសម្រេចឬជាវត្ថុធាតុដើមឲ្យបាន ១ លានតោនក្នុង១ឆ្នាំ នាពេលអនាគត។ តាមអ្វីដែលអគ្គលេខានៃស្ថានទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជាទទួលបន្ទុកការងារពាណិជ្ជកម្មបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថាក្នុង១ឆ្នាំៗវៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជាប្រមាណជាង ១០០ពាន់តោន ក្នុងនោះកម្ពុជាផលិតបាន១០៤ពាន់តោនក្នុងឆ្នាំ២០១៦។ ក្នុងឪកាសមកទស្សនកិច្ចនៅកម្ពុជានេះសមាគមន៍ស្វាយចន្ទីវៀតណាមបានសន្យាថានឹងផ្តល់ជូនពូជស្វាយចន្ទីចំនួន១លានកូន ដល់ភាគីកម្ពុជានិងបានសន្យាថានឹងបញ្ជូនអ្នកជំនាញមកសិក្សានិងវាយតម្លៃលើស្ថានភាពដី និងសក្តានុពលលើការដាំដុះស្វាយចន្ទីនេះនៅតាមបណ្តាខេត្តមួយចំនួន។ ទាក់ទងនិងប្រធានបទនេះឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនសមាគមន៍វៀតណាមតាមរយៈលោកឧកញ៉ាថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រង់ចាំស្វាគមន៍ និងសហការចំពោះគម្រោងប្រមូលទិញផលិតផលស្វាយចន្ទីដើម្បីនាំចេញទៅកាន់ប្រទេសវៀតណាម ពីព្រោះគម្រោងនេះគឺជួយនាំយកផលិតផលនេះទៅកាន់ទីផ្សារ កាលណាកសិផលមានទីផ្សារកសិករនឹងបន្តធ្វើការដាំដុះដោយឈរលើគោលការណ៍នៃការអនុវត្តកសិកម្មតាមកិច្ចសន្យា វិធីនេះអាចនឹងជួយកសិករឬម្ចាស់ចំការធ្វើការបង្កើនទិន្នផលតាមរយៈការអនុវត្តបច្ចេកទេសទំនើប (ពូជ ជី ថ្នាំ) ជាពិសេសបច្ចេកវិទ្យាក្រោយពេលប្រមូលផលសំដៅដល់ការកាត់បន្ថយកំហាតបង់ទុនផលិត និងបង្កើនចំណូល។ ម្យ៉ាងវិញទៀតឯកឧត្តមរដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ថាប្រសិនបើគម្រោងនេះដំណើរទៅដោយរលូន នោះគឺឆ្លើយតបបានយ៉ាងពេញទំហឹងទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការបង្កើននិងជំរុញការនាំចេញផលិតផលកសិកម្ម ក្នុងចេតនាប្រែក្លាយប្រទេសមួយនេះពីប្រទេសដែលមានចំណូលមធ្យមកំរិតទាបទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នាឆ្នាំ២០៣០។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យភាគីទាំងពីររៀបចំសមាសភាពក្រុមការងារជំនាញពាក់ព័ន្ធ ដើម្បីរៀបចំឯកសារចុះអនុស្សារណៈយោគយល់គ្នា ឯកសារសម្របសម្រួលនៃការធ្វើកសិកម្មតាមកិច្ចសន្យារ ធ្វើយ៉ាងណាឲ្យសមាគមន៍អាចចុះប្រមូលទិញគ្រាប់ស្វាយចន្ទីទាន់រដូវប្រមូលផលនាខែមិនា និងមេសាខាងមុខ។