ប្រតិទិនព្រឹត្តិការណ៍

មិនា 2017
ពុ ព្រ សុ អា
27 28 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 31 1 2

កសិកម្មលើបណ្តាញ FACEBOOK

ស្ថានភាពទូទៅវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២០១២

ឆ្នាំ២០១២ គឺជា​ឆ្នាំ​ទី៥នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី២ របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ​មុតមាំ​និង​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

មកទល់ពេលនេះ​ការងារ​បង្កបង្កើនផល​រដូវវស្សា​និង​រដូវ​ប្រាំង​ត្រូវ​បានបញ្ចប់​ការដាំដុះ​ជា​ស្ថាពរ និង​ជាការ​ឈានដល់​ពេល​កំណ​ត់ ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រារព្ធ​ធ្វើ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ឆ្នាំ២០១២-២០១៣ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ឆ្នាំ២០១៣-២០១៤ ដើម្បី​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​សមិទ្ធផល​ដែល​សម្រេច​បានជា​វិជ្ជមាន​ក៏​ជាការ​ប្រមូលផ្តុំ​នូវ​មតិយោបល់​ទស្សនៈ​ទៅលើ​បញ្ហា​ប្រឈម​ទាំងឡាយ និង​ការវិភាគ​ចែករំលែក​លើ​បទពិសោធន៍ល្អៗ ជាពិសេស​ការផ្តល់​អនុ​សាសន៍​គន្លឹះ​ដ៏​មានតម្លៃ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ដើម្បី​ជា​ត្រីវិស័យ​ក្នុង​ការរៀបចំ​ចក្ខុវិស័យ​ជា​យុទ្ធសាស្ត្រ​និង​លើក​ទិសដៅ​អនុវត្ត​បន្ត​នៅ​ឆ្នាំ​បន្ទាប់ ឱ្យមាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី២របស់​រាជរដ្ឋាភិបាល​កម្ពុជា។

នា​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ​បើទោះបីជា​បាន​ជួបប្រទះ​នូវ​ការរាំងស្ងួត​កង្វះខាត​ទឹក​នៅ​ពាក់កណ្តាល​រដូវវស្សា​បាន​អូសបន្លាយ​ចាប់ពី​ចុងខែ​មិថុនា​រហូតដល់  សប្តាហ៍​ទី២នៃ​ខែកញ្ញា​ឆ្នាំ២០១២នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា​ខេត្តបាត់ដំបង កំពង់ចាម កំពុង​ឆ្នាំ កំពង់ស្ពឺ កំពត កណ្តាល ក្រចេះ មណ្ឌល​គី​រី រាជធានី​ភ្នំពេញ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្វាយរៀង តាកែវ និង​ឧ​ត្ត​រ​មានជ័យ។ហើយ​កង្វះខាត​ទឹកបាន​កើតមាន​ម្តងទៀត​នៅ​ចុងរដូវ​វស្សា​ក្នុង​សប្តាហ៍​ទី៣នៃ​ខែវិច្ឆិកា​នៅ​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី។ទន្ទឹមនឹងនោះ​បណ្តា​ខេត្ត​ដែល​ជួបនឹង​ទឹកភ្លៀង​ដូចជា​ខេត្ត បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ ពោធិ៍សាត់​សៀមរាប និង​ស្វាយរៀង។ព្រមទាំង​ភាព​ស្ថិតនៅក្រោម​ឥទ្ធិពល​បន្សល់​ពី​វិ​ប​ត្ត​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ចពិភពលោក​ដែល​នៅ​មិនទាន់មាន​ភាពប្រាកដប្រជា​តែ​ក្រោម​ការខិតខំ​ប្រឹងប្រែងរ​បស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​តាម​ការណែនាំ​និង​តម្រង់ទិស​ក៏ដូចជា​វិធានការ​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​និង​ដោយមាន​ការចូលរួម​ដ៏​សកម្ម​ពី​គ្រប់​ក្រសួង​ស្ថាប័ន អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និង​ប្រជាកសិករ​ទូទាំងប្រទេស​ព្រមទាំង​ការរួមចំនែក​ពី​ដៃគូ​អភិវឌ្ឍន៍ បានធ្វើឱ្យ​ផលិតកម្ម​កសិកម្ម នៅតែមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់។ជាក់ស្តែង​ស្រូវ​រដូវវស្សា​ឆ្នាំ២០១២នេះ ពិតមែន​តែមាន​ភាពមិន​ប្រក្រតី​នៃ​គ្រោះធម្មជាតិ​ក៏​ស្ថានភាព​ផលិតកម្ម​កសិកម្ម​ជា​រួមមាន​កម្រិត​ល្អ​ទូទាំងប្រទេស។យើង​បាន​ដាំ​ដុះ​ស្រូវ​រដូវវស្សា​លើ​ផ្ទៃដី​សរុប ២,៥១លាន​ហ​ត ដែលមាន​ទិន្នផល​ជា​មធ្យម​ចំនួន ២,៨៧២ត/ហ​ត ដោយ​ទទួល​បរិមាណ​ផល​សរុប​ប្រមាណ ៧,១៤លាន​តោន​និង​ស្រូវ​រដូវប្រាំង​ឆ្នាំង២០១២-២០១៣លើ​ផ្ទៃដី​ប្រមាណ៤៩៦.០០០ហ​ត ដែលមាន​ទិន្នផល​ជា​មធ្យម៤,៣៥ត/ហ​ត ដោយ​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន២,១៥៤លាន​តោន។សរុប​ទាំង​រដូវវស្សា​និង​រដូវ​ប្រាំង យើង​អនុវត្តបាន​លើ​ផ្ទៃដី​សរុប៣,០០៧លាន​ហ​ត ដោយ​ទទួល​បរិមាណ​ផល​សរុប​ប្រមាណ៩,២៩លាន​តោន​ស្រូវ និង​ទិន្នផល​មធ្យម​ប្រចាំឆ្នាំ៣,១១៧ត/ហ​ត ។ដូច្នេះ​តុល្យភាព​ស្បៀង​នៅសល់​ប្រមាណ៣លាន​តោន​អង្ករ គិត​ជា​ស្រូវ​ជាង៤,៧លាន​តោន លើស​ឆ្នាំមុន៣៩១.០០០តោន​ស្រូវ និង​ខ្ពស់ជាង​មធ្យមភាគ១០ឆ្នាំកន្លងមក​ប្រមាណ១,២លាន​តោន​អង្ករ ដែល​នេះ​ជា​ជោគជ័យ​មួយ​ធំ​ណាស់។ការពិសោធន៍​ស្រាវជ្រាវ​ដំណាំ ការស្វែងរក​បច្ចេកទេស​សមស្រប ដើម្បី​យកទៅ​ផ្សព្វផ្សាយ​ជូន​ប្រជាកសិករ​ប្រើប្រាស់​ក្នុង​ការធ្វើ​ប្រពលវប្បកម្ម​ដំណាំ​កំពុង​ត្រូវបាន​ដំណើរការ​យ៉ាង​ផុសផុល ពិសេស​ការ​បាន​អនុវត្ត​ការងារ​ពិសោធន៍​ស្រាវជ្រាវ​លើ​ដំណាំ​ស្រូវ​យ៉ាងសកម្ម​នៅតាម​កសិដ្ឋាន​ស្ថានីយ៍ មណ្ឌល​អភិវឌ្ឍ​កសិកម្ម និង​ស្រែ​កសិករ មាន​ជា​អារ​ទិ៍ ការពិសោធន៍​ពាក់ព័ន្ធ​នឹង​ប្រសិទ្ធិភាព​នៃ​ការប្រើប្រាស់​ជី ការពិសោធន៍​ប្រៀបធៀប​ពូជ ការពិសោធន៍​បន្សាំ​ពូជ និង​ការពិសោធន៍​អំពី​វិធីសាស្ត្រ​ដាំ​ដុះ​ដំណាំផ្សេងៗទៀត។ការធ្វើ​បង្ហាញ​ទិវា​ស្រែ និង​ការរៀបចំ​ទស្សនៈកិច្ច​សិក្សា ដោយមាន​កសិករ​ចូលរួម​ត្រូវបាន​អនុវត្ត​យ៉ាងសកម្ម។

ផ្លែផ្កា​ដែល​លេច​ចេញពី​ការ​សម្រួច​សកម្មភាពរ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការងារ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ជម្រុញ​ផលិតកម្ម​ស្រូវ​និង​នាំចេញ​អង្ករ បាន​នឹង​កំពុង​រីកចម្រើន​គរ​ឲ្យ​កត់សម្គាល់។ចំពោះ​ដំណាំ​រួមផ្សំ​និង​ដំណាំ​ឧស្សាហកម្មសំខាន់ៗ ក៏មាន​ការកើនឡើង​លើ​ស​ឆ្នាំមុន។ ជារួម​ឈានដល់​ពេលបច្ចុប្បន្ន​ការងារ​បង្កបង្កើនផល​ដំណាំ​ឆ្នាំ២០១២-២០១៣នេះ ទទួលបាន​ផល​យ៉ាង​ល្អ។

ផ្នែក​ផលិតកម្ម​ស្រូវ​ដូច​បាន​រៀបរាប់​ខាងលើ នៅ​ឆ្នាំ២០១២-២០១៣នេះ កម្ពុ​ជាមាន​អតិរេក​ជាង៤,៧លាន​តោន​ស្រូវ ត្រូវជា​ប្រមាណ៣លាន​តោន​អង្ករ សម្រាប់​បម្រើ៎​ឲ្យ​ការនាំចេញ។ ជាការ​កត់​សម្គាល់ការ​នាំចេញ​អង្ករ​កម្ពុជា​កំពុងស្ថិត​នៅលើ​ន​ន្នា​ការកើនឡើង​ជា​លំដាប់ ដោយនៅ​ឆ្នាំ២០១២ អង្ករ​កម្ពុជា​ប្រមាណ២០ម៉ឺន​តោន ត្រូវបាន​នាំចេញ​ទៅកាន់៥៧ប្រទេស​ក្នុងខណៈដែល​ត្រឹម​ត្រីមាស​ទ១ឆ្នាំ២០១៣ អង្ករ​កម្ពុជា​ត្រូវបាន​នាំចេញ៩៥ពាន់​តោន​រួចទៅហើយ។

ដោយឡែក​ផលិតកម្ម​សត្វ​នៅ​កម្ពុជា​ជាពិសេស គោ ក្របី និង​បក្សី​មានការ​វិវត្តន៍​គួរកត់សម្គាល់ ដោយ​ធ្វើការ​ប្រៀបធៀប​ផលិតកម្ម​សត្វ​ពី​ឆ្នាំ២០០៨ ដល់​ឆ្នាំ២០១២ ឃើញថា​ផលិតកម្ម​គោ​ថយចុះ​ប្រមាណ ០,៨៦% ក្របី​ថយចុះ ៤,៧៦%។ កា​ថយចុះ​នេះ​គឺ​បណ្តាលមកពី​មួយផ្នែកធំ ដោយសារ​ការប្រើប្រាស់​គ្រឿងយន្ត​ក្នុង​ផលិតកម្ម​ជំនួស​ឲ្យ​ការប្រើប្រាស់​កម្លាំង​គោ ក្របី(នៅ​ឆ្នាំ២០១២ កា​ភ្ជួរ​រាស់​ដោយ​គោ ក្របី​មាន​ចំនួន១.១១៧.៣៤៣ហ​ត ស្មើនឹង៣៥,៤៩% នៅ​ខណៈដែល​ការ​ភ្ជួរ​រាស់​ដោយ​ត្រាក់ទ័រ-គោយន្ត​មាន​ចំនួន២.០៣០.៩០១ហ​ត ស្មើនឹង៦៤.៥១%)។ ការចិញ្ចឹម​បក្សី​ពី​ឆ្នាំ២០០៨ដល់២០១២ មានការ​កើនឡើង​យ៉ាងខ្លាំង​រហូតដល់ ៣៦% គឺ​ពី ១៦,៩២លាន​ក្បាល ដល់ ២៣លាន​ក្បាល។

ចំពោះ​ដំណាំ​អចិន្ត្រៃយ៍​ដូចជា កៅស៊ូ ស្វាយចន្ទី ដំណាំ​ឈើ​ហូប​ផ្លែផ្សេងៗ និង​ចំការ។ល។ កំពុងមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​ជា​លក្ខណៈ​គ្រួសារ និង​ជា​លក្ខណៈ​វិនិយោគ​ខ្នាតតូច មធ្យម និង​ធំ។ គួរ​កត់សម្គាល់ថា មកដល់​ឆ្នាំ២០១២ផ្ទៃដី​ដាំ​ដុះ​កៅស៊ូរ​ទូទាំងប្រទេស​មាន​ចំនួន ២៨០.៣៨៥ហ​ត គឺ​កើនឡើង ៣១,៥% ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០១១ ក្នុងនោះ ការអភិវឌ្ឍ​វិស័យ​កៅស៊ូរ​គ្រួសារ មាក​ការអភិវឌ្ឍន៍​តាម​សន្ទុះ​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍។

វិស័យ​ព្រៃឈើ​កំពុងតែ​ត្រូវ​ធានា​ឲ្យ​មាន​និរន្តរភាព​សម្រាប់​ការគ្រប់គ្រង​ធនធាន​ព្រៃឈើ និង​ការប្រើប្រាស់​ធនធាន​ព្រៃឈើ​ដល់​ប្រជាជន​ក្រីក្រ តាមរយៈ​កំណែទម្រង់​ព្រៃឈើ។ រយៈពេល៥ឆ្នាំ​មកទល់នឹង​ឆ្នាំ២០១២នេះ សកម្មភាព​ដាំ​ឈើ​ជា​ចំការ​សម្រេចបាន​សរុប​ចំនួន ៨០.៦៩៣ហ​ត ក្នុងនោះ​រដ្ឋបាល​ព្រៃឈើ​ដាំ​បាន​ចំនួន ៣.៨៣៣ហ​ត ក្រុមហ៊ុន​វិនិយោគឯកជន​ដាំ​ដុះ​បាន​ចំនួន ៧០.០៩៨ហ​ត គ្រួសារ​ឯកជន​ខ្នាតតូច​ដាំ​បាន​ចំនួន ៦.១២០ហ​ត។ ទន្ទឹមនឹងនោះ សហ​មគ​ន៍​ព្រៃឈើ​សរុប​ចំនួន ៤៥៣ សហគមន៍​ត្រូវបាន​បង្កើតឡើង ហើយ​គ្រប់គ្រង​លើ​ផ្ទៃ​ដំ​សរុប​ចំនួន ៣៩៩.៨៨០ហ​ត។ចំណែកឯ​វិស័យ​ជលផល ការធ្វើ​អាជីវកម្ម​នេសាទ​ទឹកសាប​បាន​កើនឡើង ៩% គឺ​ពី ៤៤៥តោន​នៅ​ឆ្នាំ២០១១ ដល់ ៥០៩តោន​នៅ​ឆ្នាំ២០១២ ហើយ​អាជីវកម្ម​នេសាទ​សមុទ្រ​សម្រេចបាន ៩៩ពាន់​តោន កើន​លើស​ឆ្នាំមុន ៨,១%។ កា​អភិវឌ្ឍ​វា​វី​វប្បកម្ម ដូចជា​ការចិញ្ចឹម​ត្រី បង្គា កា​ភ្ញាស់​កូន​ត្រី​ពូជ ក្រពើ សម្រេចបាន ៧៤ពាន់​តោន កើន​បាន២,៨% និង​សហគម​ន័​នេសាទ​មាន​ចំនួន ៥១៦សហគមន៍ ដែល​បាន​ចុះបញ្ជី​ការធ្វើ​អាជីវកម្ម​នេសាទ​ចំនួន៣២៨សហគមន៍​រួចហើយ។

ជាការ​កត់សម្គាល់​កំណែ​ទម្រង់​ជល់ផល ដែលមាន​ចរិត​ជា​ការធ្វើបដិវត្ត​ក្រោម​ដឹកនាំ​ដ៏​មោះមុត​ប្រកបដោយ​បញ្ញាញ្ញាណ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ស្មារតី​គិតគូរ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ បាន​រំលាយចោល​នូវ​ឡូ​តិ៍​នេសាទ​ទាំងអស់ ប្រគល់ជូន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​និង​គ្រប់គ្រង​ក្រៅពី​ទុក​តំបន់​មួយផ្នែក​តូច​សម្រាប់​ជា​តំបន់​អភិរក្ស។ កំណែទម្រង់​នេះ រួមចំណែក​យ៉ាងសំខាន់​ដល់​ការលើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ជនបទនិង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការកាត់បន្ថយ​អតិ​ថ​រណា។ការពង្រឹង​កា​អនុវត្ត​ច្បាប់​ស្តីពី​ព្រៃឈើ និង​ច្បាប់​ស្តីពី​ជលផល កំពុង​ត្រូវបាន​យកចិត្តទុកដាក់ និង​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​គ្រប់​រូបភាព​នៃ​បតល្មើសផ្សេងៗ ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និង​ស្ថាប័ន​មានសមត្ថកិច្ច​ពាក់ព័ន្ធ ។

ទន្ទឹង​នឹង​អនុវិស័យ​ខាងលើ (ផលិតកម្ម​ដំណាំ​ស្រូវ ផលិតកម្ម និង​បសុព្យាបាល ផលិតកម្ម​ដំណាំ​កៅស៊ូ រុក្ខកម្ម ជលផល) ផ្នែក​សេវាកម្ម និង​ការគាំទ្រផ្សេងៗ ក៏បាន​សម្រេច​នូវ​លទ្ធផល​ការងារ​តាម​ផ្នែកនីមួយៗបានល្អ​ប្រសើរ ស្របតាម គោលការណ៍ និង​ទិសដៅ​របស់​រាជរដ្ឋាភិបាល ដូចជា​ការងារ​វិនិយោគ​សាធារណៈ ការរៀបចំ​គម្រោង​សម្រាប់​អភិវឌ្ឍន៍ វិស័យ​កសិកម្ម ការងារ​វិនិយោគ​ផ្នែក​ឯកជន​លើ​វិស័យ​កសិកម្ម​មានការ​កើនឡើង និង​ការរៀបចំ​លិខិតបទដ្ឋាន​ច្បាប់ លិខិត បទដ្ឋាន​ក្រោម​ច្បាប់ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ត្រូវបានធ្វើ​កាន់តែច្រើន​ផងដែរ ។តាម​ការរៀបរាប់​ខាងលើ យើង​អាច​វាយតម្លៃ​បាន​ថា បរិមាណ​ផលិតកម្ម​ស្រូវ​មានការ​កើនឡើង បើ​ប្រៀបធៀប នឹង​ឆ្នាំកន្លងមក ជារួម​ការងារ​បង្កប​ង្កើ​ន​ផល​កសិកម្ម​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កំពុង​វិវឌ្ឍន៍​ល្អ និង​មានការ​ចាប់អារម្មណ៍​ខ្ពស់​ពី​ប្រជា កសិករ​របស់​យើង ។

ជារួម​សមិទ្ធផល ដែល​សម្រេចបាន​ដូច​ក្នុង​របាយការណ៍​លំអិត​នេះ គឺជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍​នានា និង​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ​របស់​ប្រជាពលរដ្ឋ​ផងដែរ ។

ជា​សន្និដ្ឋាន កសិកម្ម​កម្ពុជា​សម្រេច​បាន​នូវ​លទ្ធផល​ល្អប្រសើរ ដោយសារ​ការដាក់ចេញ និង​អនុវត្ត​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់​នូវ​គោលនយោបាយ និង យុទ្ធសាស្ត្រ ជាពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ ដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​ម៉ឹងម៉ាត់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

         

 

 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម