ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2018
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Philipe GUERRER នាយកក្រុមហ៊ុន អេស៊ាន ខនសតស្យូមគ្រុម (ASIAN Consortium Group) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 នៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃ០៧ រោចខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Philipe GUERRER នាយកក្រុមហ៊ុន អេស៊ាន ខនសតស្យូមគ្រុម (ASIAN Consortium Group) និងសហការីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារទាក់ទងនិងការធ្វើអាជីវកម្មជីជីវសាស្រ្ត។ លោក Philipe GUERRER បានជម្រាបជូនឯកឧត្តមជ្រាបថាក្រុមហ៊ុននេះគឺជាក្រុមហ៊ុនផលិតនិងលក់ចែកចាយជីជីវសាស្រ្តនៅទូទាំងពិភពលោក ពិសេសនៅសហភាពអឺរ៉ុប។ ដោយសារកម្ពុជាមានសក្តានុពលលើធនធានធម្មជាតិដែលអាចធ្វើការអភិវឌ្ឍន៍វិស័យកសិកម្មឲ្យមានការរីកចម្រើន ក្រុមហ៊ុនមានបំណងនាំចូលប្រភេទជីនេះមកប្រទេសកម្ពុជាសម្រាប់ប្រើប្រាស់លើដំណាំកសិកម្ម ព្រោះវាមានគុណសម្បត្តិដូចជា៖ គ្មានសំណល់ជាតិពុលក្នុងផលិតផល អាចប្រើប្រាស់បានគ្រប់កម្រិតនៃផលិតកម្ម ធ្វើការបង្វែរ ឬកែទម្លាប់ពីការប្រើជីគីមីដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ បំពុលបរិស្ថាន បំផ្លាញគុណភាពដី និងដំណាំ ក្រៅពីនេះផលិតផលនេះអាចជួយបង្កើនទិន្នផល ការពារដំណាំពីការបំផ្លាញសត្វចង្រៃ ពិសេសបង្កើនភាតរបរិស្ថានបានយ៉ាងល្អ។ លោក Philipe GUERRER បានបញ្ជាក់បន្ថែមថាក្រោយបានគោលការណ៍នាំចូលពីក្រសួង ក្រុមហ៊ុននឹងបញ្ជូនមន្រ្តីបច្ចេកទេសមកធ្វើបទបង្ហាញស្តីពីការប្រើប្រាស់ផលិតផលឲ្យបានត្រឹមត្រូវ សមស្របតាមបច្ចេកទេសជូនអតិថិជន។

នាឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូងការគាំទ្រផលិតផលរបស់ក្រុមហ៊ុន ដោយសារតែ បច្ចុប្បន្នទីផ្សារផលិតផលកសិកម្មកម្ពុជាទាំងក្នុងនិងក្រៅប្រទេសមាននិន្នាការឆ្ពោះទៅរកការប្រើប្រាស់និងបរិភោគផលិតផលសរីរាង្គ។ ម៉្យាងទៀតដោយសារទីផ្សារសហភាពអឺរ៉ុបបានទទួលស្គាល់ផលិតផលនេះរួចហើយ ដូច្នេះក្នុងពេលអនាគតបើប្រជាកសិករប្រើប្រាស់ផលិតផលនេះ នោះវានឹងបង្កលក្ខណៈងាយស្រូលក្នុងការផ្សាភ្ជាប់ទីផ្សារវាងផលិតផលកសិកម្មកម្ពុជាជាមួយអឺរ៉ុប។

មានមតិផ្តាំផ្ញើរ ឯកឧត្តមរដ្ឋមន្រ្តីស្នើឲ្យក្រុមហ៊ុនសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម កសិដ្ឋាន និងខេត្តគោលដៅសំខាន់ៗដែលមានសក្តានុពលក្នុងការផលិតបន្លែ និងផ្លែឈើសរីរាង្គដើម្បីសាកល្បងអនុវត្តពិនិត្យលើគុណភាព សុវត្ថិភាព គុណសម្បត្តិ និងគុណវិបត្តិរបស់ផលិតផល រួចធ្វើការផ្សព្វផ្សាយជូន ដល់អតិថិជនមុននិងធ្វើការចែកចាយលើទីផ្សារ។ ក្រៅពីនោះ ក្រុមហ៊ុនគួរពិចារណាលើខ្សែសង្វាក់ផលិតកម្មបន្លែ និងផ្លែឈើតាំងពីការផលិត វេចខ្ចប់ និងទីផ្សារដើម្បីបង្កើនតម្លៃបន្ថែម ក៏ដូចជាការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។ ជំនួបពិភាក្សានេះត្រូវបានបញ្ចប់ក្នុងបរិយាកាសយោគយល់ និងសហការគ្នាល្អប្រសើរ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម