ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2018
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (Memorandum of Understanding, MOU) អមដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក

 នៅទីស្តីការក្រសួងនារសៀលថ្ងៃច័ន្ទ០៥ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ មានពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (Memorandum of Understanding, MOU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រសួងដែនដីហេដ្ឋារចនាសម័្ពន្ធ ដឹកជញ្ជូន និងក្រុមហ៊ុននៃសាធារណៈរដ្ឋកូរ៉េ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលមួយចំនួនទៀត។

ជារួមខ្លឹមសារនៃ MOU នេះគឺពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងស្តីពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកសិកម្ម និងការធ្វើផែនទីកំណត់តំបន់ដាំដុះ។ មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណជូនចំពោះក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរដែលបានខិតខំយកអស់កម្លាំងកាយចិត្តនិងស្មារតីទទួលខុសត្រូវក្នុងការរៀបចំឯកសារ MOU ដ៏មានសារៈសំខាន់ដែលឈានទៅសម្រេចបានការចុះហត្ថលេខានាពេលនេះ។ MOU នេះមានអត្ថប្រយោជន៍សម្រាប់ធ្វើការអភិវឌ្ឍន៍វិស័យកសិកម្មដែលជាវិស័យមួយមានអាទិភាពក្នុងការទ្រទ្រង់ ឬជំរុញកំណើនសេដ្ឋកិច្ចជាតិទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ៧% ឲ្យមានស្ថេរភាព និងនិរន្តរភាព តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាគឺបានចង្អុលបង្ហាញឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរៀបចំធ្វើផែនទីកំណត់តំបន់ដាំដុះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកសិកម្ម និងការធ្វើផែនទីកំណត់តំបន់ដាំដុះ ដែលទទួលបានការគាំទ្រពីសាធារណៈរដ្ឋកូរ៉េ គឺមានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងការរៀបចំផែនការការងារដាំដុះដំណាំ ដោយជ្រើសរើសពូជដំណាំ ស្របតាមគុណភាពដី ទឹក ក្សេត្របរិស្ថាន និងជាពិសេសស្របទៅតាមតម្រូវការទីផ្សារក្នុងស្រុកក៏ដូចជាទីផ្សារនាំចេញ។

ម៉្យាងវិញទៀត ការកំណត់ផែនទីដាំដុះបានសុក្រឹត្យនិងត្រឹមត្រូវល្អនោះគឺជាព័ត៌មានគន្លឹះដ៏សំខាន់មួយសម្រាប់វិនិយោគិនដើម្បីធ្វើការសម្រេចចិត្តដាក់ទុកវិនិយោគលើការដាំដុះឲ្យត្រូវតាមស្ថានភាព និងគុណភាពដី។

មានមតិនាឱកាសនេះ លោក Ahn Jong-ho នាយកក្រុមហ៊ុននិងជាតំណាងក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងក្រុមហ៊ុននៃសាធារណៈរដ្ឋកូរ៉េ សូមថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដែលបានជួយសហការក្នុងការរៀបចំឯកសារ MOU ដែលឈានដល់ទទួលបានលទ្ធផលនាពេលនេះ។ ហើយលោកបានបញ្ជាក់ថា កម្ពុជាសម្បូរធនធានកសិកម្មដែលមានសក្តានុពលក្នុងការអភិវឌ្ឍន៍ ដោយឡែកកូរ៉េសម្បូរទៅដោយបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម ដូច្នេះប្រសិនបើកម្មវត្ថុពីរនេះរួមបញ្ចូលគ្នានោះវិស័យកសិកម្មកម្ពុជាប្រាកដជាមានការអភិវឌ្ឍន៍ជាមិនខាននាពេលអនាគត។ ប្រទេសកូរ៉េធ្លាប់ឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ដូចជាប្រទេសកម្ពុជាកំពុងតែជួបប្រទះ តែដោយសារការប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ ទើបធ្វើឲ្យវិស័យមួយនេះមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃ។ យ៉ាងណាមិញ កម្ពុជាក៏ដូចច្នេះដែរ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកសិកម្មនិងការធ្វើផែនទីកំណត់តំបន់ដាំដុះ នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លី។

ក្រុមហ៊ុនសន្យាថានឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗក្នុងការអនុវត្តគម្រោងនេះ ធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលល្អប្រសើរតាមអ្វីដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរំពឹងទុក។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង ឯកឧត្តមរដ្ឋមន្រ្តីសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនកូរ៉េដែលបានជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ជាក់ស្តែងនាពេលនេះតាមរយៈក្រសួងដែនដីហេដ្ឋារចនាសម័្ពន្ធ ដឹកជញ្ជូន និងក្រុមហ៊ុននៃសាធារណៈរដ្ឋកូរ៉េបានគាំទ្រលើគម្រោងនេះ ហើយសង្ឃឹមនិងជឿជាក់ថានឹងទទួលបានលទ្ធផលល្អប្រសើរដូចដែលរាជរដ្ឋាភិបាលនិងក្រសួងចង់បាន។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម