ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2018
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) ដឹកនាំដោយឯកឧត្តម ជិន ង៉ុកថួត សមាជិកសភាវៀតណាម និងជាអគ្គនាយក VRG ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅវេលាម៉ោង១០:០០ ព្រឹក ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) ដឹកនាំដោយឯកឧត្តម ជិន ង៉ុកថួត សមាជិកសភាវៀតណាម និងជាអគ្គនាយក VRG ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យកៅស៊ូកម្ពុជា។

ឯកឧត្តម ជិន ង៉ុកថួត បានសម្តែងនូវសេចក្តីរីករាយ និងអរគុណយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយក្រសួងតែងតែខិតខំប្រឹងប្រែងសម្រួលដោះស្រាយរាល់បញ្ហា និងសំណើររបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមកន្លងមក ដើម្បីសម្រេចបានលទ្ធផលជាផ្លែផ្កាសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រយោជន៍ជាតិកម្ពុជានាពេលកន្លងមក។ សមិទ្ធផលដែលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមសម្រេចបានគឺបានដាំដុះលើផ្ទៃដីប្រមាណជា ៩ម៉ឺនហ.ត ហើយក៏រំពឹងថានឹងអាចប្រមូលផលជ័រកៅស៊ូលើកទី១ នៅឆ្នាំ២០១៨ នេះបានជាង ៣ម៉ឺនហ.ត ស្មើនឹង ៣ម៉ឺនតោនផងដែរ។

ឯកឧត្តម ជិន ង៉ុកថួត មានភាពជឿជាក់យ៉ាងមុតមាំថាផលជ័រកៅស៊ូនិងអាចកើនឡើងរហូតដល់ ២តោន ក្នុង១ហ.ត នាពេលឆាប់ៗខាងមុខនេះ។ ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះវឌ្ឍនភាពរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមដែលសម្រេចបាន ដោយក្នុង ចំណោមក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជាទាំងអស់កន្លងមក ឃើញថាសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមបំពេញបានយ៉ាងល្អ គ្រប់ជ្រុងជ្រោយ អនុវត្តតាមច្បាប់និងបទដ្ឋានគតិយុត្តិ និងទទួលបានលទ្ធផលគួរ ឲ្យមានមោទនភាព។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន C.R.C.K 2 Aphivath Caoutchouc Co., Ltd ដែលបានបោះទុនវិនិយោគសាងសង់រោងចក្រកែរច្នៃផលិតផលជ័រកៅស៊ូ និងត្រូវសម្ភោធឲ្យប្រើប្រាស់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ។ ជារួម ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាកិច្ចសហប្រតិបត្តិការរដ៏ល្អនេះរវាងភាគីទាំងពីរនិងបន្តជាយូរអង្វែង ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឲ្យកាន់តែរីកចម្រើន ជាពិសេសទាក់ទាញការវិនិយោគិនពីប្រទេសវៀតណាមបន្ថែមទៀតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកែរច្នៃផលិតផលវត្ថុធាតុដើមពីកសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាពត្រូវនិងតម្រូវការទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។ សូមបញ្ជាក់ពីលទ្ធផលសំខាន់ៗដែលសម្រេចបានពីកិច្ចប្រជុំរួមមាន៖

ទី១ ភាគីទាំងពីរឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការឲ្យបានល្អរប្រសើរវាងភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទី២ ភាគីវៀតណាមនិងបន្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធកែរឆ្នៃផលិតផលកសិកម្មនៅកម្ពុជា។

ទី៣ បង្កើនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដូចជាផ្ទះ សាលារៀន វត្តអារាម មន្ទីពេទ្យ ជូនពលករជៀរជ័រកៅស៊ូ និងប្រជាជនរស់នៅក្នុងតំបន់។

ទី៣ ភាគីទាំងពីរឯកភាពរួមគ្នាគាំទ្រ និងអនុវត្តឲ្យអស់លទ្ធភាព នូវគោលនយោបាយបង្កើនការដាំដុះ និងផលិតស្វាយចន្ទីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទី៤ បន្តសហការនិងរិះរកវិធានការលើកស្ទួយតម្លៃដំឡូងមីកម្ពុជាឲ្យបានប្រសើរឡើង និងមានស្ថេរភាពនៅទីផ្សារកម្ពុជា។

ទី៥ តបតាមការអញ្ជើញរបស់ភាគីវៀតណាម ភាគីកម្ពុជានិងពិនិត្យមើលពេលវេលាសមស្របដើម្បីទៅទស្សនកិច្ចក្រុមហ៊ុនកែរច្នៃផលិតផលកសិកម្មនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលអនាគត។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម