ប្រតិទិនព្រឹត្តិការណ៍

ធ្នូ 2017
ពុ ព្រ សុ អា
27 28 29 30 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពទទួលជួប លោក Nguyen Duc Thanh ជាប្រធានសមាគមស្វាយចន្ទីវៀតណាម ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនស្វាយចន្ទីវៀតណាម និងកម្ពុជា

នៅរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប លោក Nguyen Duc Thanh ជាប្រធានសមាគមស្វាយចន្ទីវៀតណាម និងសមាជិកសមាគម នៅឯទីស្តីការក្រសួង ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនស្វាយចន្ទីវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សម្ព័ន្ធកៅស៊ូវៀតណាម និងសមាគមស្វាយចន្ទីវៀតណាម ដែលបានទទួលស្វាគមន៏យ៉ាងកក់ក្តៅដល់ គណប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ទៅទស្សនកិច្ចរោងចក្រផលិតកៅស៊ូ និងរោងចក្រកែច្នៃស្វាយចន្ទី កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាល និងកសិករនៅកម្ពុជា សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនវៀតណាមដែលបានប្រមូលទិញនូវផលិតផលកសិកម្មពីកម្ពុជា ដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ដំឡូងមី អង្ករ និងដំណាំមួយចំនួនទៀត។ 

 

លោក Nguyen Duc Thanh បានមានប្រសាសថាសមាគមស្វាយចន្ទីវៀតណាម អាចចាត់ទុកបានជាក្រុមហ៊ុននាំចេញគ្រាប់ស្វាយចន្ទីធំជាងគេនៅលើពិភពលោកនៅក្នុងឆ្នាំ២០១៧នេះ គឺក្រុមហ៊ុនបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃចំនួន ១,៦លានតោន ទន្ទឹមនឹងតម្រូវការពិភពលោកមានចំនួន ៣លានតោន។ ក្រុមហ៊ុនស្វាយចន្ទីវៀតណាមបានប្រមូលទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាប្រមាណ ១០០ ០០០តោន ទន្ទឹមនឹងកម្ពុជាមានសមត្ថភាពផលិតបាន ១០៤ ២៦៨តោន នៅក្នុងឆ្នាំ២០១៦ និងអាចចាត់ទុកបានថាវៀតណាមជាអតិថិជនទិញស្វាយចន្ទីតែមួយគត់របស់កម្ពុជា។ លោកប្រធានសមាគមបានបន្តថា សមាគមនឹងចុះទៅតាមខេត្តចំនួនពីរគឺ ខេត្តកំពង់ធំ និងខេត្តក្រចេះ ដើម្បីពិភាក្សាពីពូជ និងសារធាតុនៅក្នុងស្វាយចន្ទី ដែលមានការពេញនិយមនៅលើទីផ្សារអន្តរជាតិ និងផ្សព្វផ្សាយពីបច្ចេកទេសនៃការប្រមូលផល ដើម្បីកាត់បន្ថយការខាតបង់របស់កសិករ។ សមាគមស្វាយចន្ទីវៀតណាមបានស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជារៀបចំចងក្រងសមាគមស្វាយចន្ទីកម្ពុជា ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង។ ទន្ទឹមនឹងនេះសមាគមក៏បានស្នើដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជួយអន្តរាគមដល់ការផ្តល់វិញ្ញាបនប័ត្រប្រភពទំនិញ (CO) នៅនឹងខេត្តច្រកនាំចេញ និងស្នើឲ្យសម្រួលដល់សោហ៊ុយនៃការដឹកជញ្ជូនឆ្លងដែនកម្ពុជា-វៀតណាម។ លោកប្រធានសមាគម ក៏បានប្តេជ្ញាបង្កើនការទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាទាំងអស់តែម្តង។ 

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់សមាគមស្វាយចន្ទីវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធរវាងអ្នកទិញ និងអ្នកផលិត ដើម្បីធានាបានប្រសិទ្ធភាពខ្ពស់ និងទទួលបានផលប្រយោជន៏ពិតទាំងកសិករ និងអ្នកទិញ។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាកម្ពុជានឹងអាចបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីឲ្យបាន ១លានតោន នាពេលខាងមុខ ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ចង់ឃើញពីការបង្កើនបរិមាណនៃការដាំដុះដំណាំឧស្សាហកម្មផ្សេងទៀត នៅតាមតំបន់មួយចំនួនដែលមិនអំណោយផលដល់ការដាំស្រូវ។ ចំពោះសំណើរបស់សមាគមពាក់ព័ន្ធនឹងការផ្តល់ CO គឺក្រសួងពាណិជ្ជកម្មបានផ្ទេរការចេញវិញ្ញាបនប័ត្រទៅកាន់មូលដ្ឋានរួចរាល់ហើយ ហើយក្រសួងនឹងសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីពិនិត្យ និងដោះស្រាយជូននូវបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចាត់ឲ្យតំណាងអគ្គនាយកដ្ឋានកសិកម្ម អមដំណើរគណប្រតិភូវៀតណាមដើម្បីសម្របសម្រួល និងស្តាប់នូវសំណូមពររបស់មូលដ្ឋានផងដែរ។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម