ប្រតិទិនព្រឹត្តិការណ៍

វិច្ឆិកា 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Didier Fontenille ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pastuer du Cambodge) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៦:០០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Didier Fontenille ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pastuer du Cambodge) និងសហការីចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបពីការបោះពុម្ភសៀវភៅដែលមានចំណងជើងថាការស្វែងយល់អំពីជំងឺឆ្កែឆ្កួតក្នុងប្រទេសកម្ពុជា។

លោក Didier Fontenille សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីនិងអគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពសត្វ ដែលបានសហការ ចែករំលែកចំណេះដឹង បទពិសោធន៍ដែលជាធាតុចូលនិងជាគន្លឹះសម្រាប់រៀបចំចងក្រងសៀវភៅនេះឡើង ប្រយោជន៍ដើម្បីធ្វើការផ្សព្វផ្សាយអំពីជំងឺឆ្កែឆ្កួត (រោគសញ្ញា វិធានការការពារនិងព្យាបាល) ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពឲ្យដល់ប្រជាពលរដ្ឋទូទៅជារួម និងដោយឡែកដល់ម្ចាស់សត្វ។ យោងតាមរបាយការណ៍របស់វិទ្យាស្ថានប៉ាស្ទ័រនិងអង្គការស៊ីប៉ាឲ្យដឹងថាក្នុង១ឆ្នាំៗមានប្រជាពលរដ្ឋប្រមាណជាង ៦០០ពាន់នាក់ត្រូវបានឆ្កែខាំ ផ្ទុយទៅវិញប្រជាពលរដ្ឋប្រមាណជា ៤០ពាន់នាក់ប៉ុណ្ណោះបានចាក់ថ្នាំការពារ ហើយមានជនរងគ្រោះប្រមាណ ៨០០នាក់ ក្នុងនោះ ៥០%មានអាយុក្រោម ១៥ ឆ្នាំ។

របាយការណ៍បានបញ្ជាក់បន្ថែមថាប្រសិនបើយើងមិនបានចាក់ថ្នាំការពារនោះអត្រាគ្រោះថ្នាក់ដល់ជីវិត ១០០%។ តួលេខនេះធ្វើឲ្យយើងមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុងនិងនៅជនបទ។

ដូច្នេះឯកសារនេះក៏ពិតថាវាមិនអាចជួយលុបបំបាត់ជំងឺនេះបានទាំងស្រុង ក៏ប៉ុន្តែវាអាចចូលរួមកាត់បន្ថយនូវហានីភ័យដែលអាចកើតមានឡើងជាយថាហេតុចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសកុមារនិងស្រ្តីឲ្យនៅត្រឹម ៥០% និងជួយសង្រ្គោះជីវិតមនុស្សបាន ២០ ពាន់នាក់ក្នុងរយៈពេល ៥ឆ្នាំ និងកាត់បន្ថយគ្រោះថ្នាក់ឲ្យនៅអត្រាអប្បបរមានាឆ្នាំ២០២៥ តាមរយៈការបង្កើនសកម្មភាពចាក់ថ្នាំការពារដល់មនុស្សនិងសត្វផងដែរ។ ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា លោក Didier Fontenille និងសហការីពាក់ព័ន្ធ ដែលបានខិតខំយកអស់កំលាំងកាយចិត្តផ្តល់កិច្ចសហការល្អ សិក្សាស្រាវជ្រាវ រួចរៀបចំចងក្រងសៀវភៅនេះឡើងប្រយោជន៍ដើម្បីកាត់បន្ថយនិងឈានទៅលុបបំបាត់ជំងឺឆ្កែឆ្កួតពីព្រះរាជាណាចក្រកម្ពុជានាពេលអនាគត។ ការរៀបចំចងក្រងសៀវភៅនេះស្របទៅនិងព្រឹត្តិការណ៍ពិភពលោកគឺទិវាពិភលោកប្រឆាំងជំងឺឆ្កែឆ្កួត ដែលបានប្រារព្វឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើ សុំទៅវីទ្យាស្ថានជួយបោះពុម្ភបន្ថែមឲ្យបានច្រើនដើម្បីចែកចាយឲ្យទៅគ្រឹះស្ថានអប់រំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបណ្តាល័យនានា ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្រើនថែមទៀតអំពីជំងឺនេះ។

ក្រៅពីនេះឯកឧត្តមបានស្នើសុំឲ្យវិទ្យាស្ថានជួយផ្តល់អាហារូបករណ៍ដល់និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មដើម្បីធ្វើការសិក្សា ស្រាវជ្រាវទាក់ទងនិងជំងឺឆ្លង ជាពិសេសជំងឺហ្សូណូស (Zoonosis) ដែលជាប្រភេទជំងឺអាចឆ្លងពីសត្វមកមនុស្ស ហើយពីមនុស្សមកសត្វ។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម