ប្រតិទិនព្រឹត្តិការណ៍

វិច្ឆិកា 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាឲ្យលោក Tomonori KIMURA (Founder & CEO of Asian Gateway Corporation) ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ

នៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាឲ្យលោក Tomonori KIMURA (Founder & CEO of Asian Gateway Corporation) និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារនិងជម្រាបជូនពីគោលបំណសំខាន់ៗនៃគម្រោងជលវប្បកម្មគឺការដាំបន្លែក្នុងទឹក (Hydroponic Farm)។ គម្រោង នឹងសហការអនុវត្ត ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ គោលបំណងរបស់គម្រោងគឺទី១-ធ្វើការណែនាំបច្ចេកវិទ្យាថ្មីអំពីការដាំបន្លែក្នុងទឹកដល់និសិ្សត កសិករ និងវិស័យឯកជនដើម្បីពង្រីកការអភិវឌ្ឍបច្ចេកវិទ្យានេះបន្លែមទៀតឆ្លើយតបទៅនឹងសេចក្តីត្រូវការក្នុងស្រុកនាពេលបច្ចុប្បន្ន ទី២-សិក្សាស្រាវជ្រាវពីតម្រូវការនៅលើទីផ្សារបន្លែដែលផលិតដោយប្រព័ន្ធនេះ ទី៣-អភិវឌ្ឍធនធានមនុស្សសម្រាប់និស្សិតឲ្យយល់ដឹងពីបច្ចេកវិទ្យាធ្វើយ៉ាងណាជំរុញផលិតកម្មបន្លែឲ្យមានការអភិវឌ្ឍប្រកបដោយនិរន្តភាព និងទី៤-សិក្សាពីលទ្ធភាពអាចប្រើប្រាស់សម្ភារៈក្នុងស្រុកមួយចំនួនដែលជួយកាត់បន្ថយថ្លៃដើមក្នុងការផលិតបន្លែតាមរបៀបបច្ចេកវិទ្យានេះ។

លោកបានបន្ថែមទៀតថាគម្រោងនេះនឹងមិនប្រើសារធាតុគីមី ផលិតផលិតផលសុវត្ថិភាព កាត់បន្ថយថ្លៃដើមផលិត ផ្គត់ផ្គង់ដល់អតិថិជនដែលមានចំណូលមធ្យម ហើយអនាគតនឹងផ្ទេរបច្ចេកវិទ្យានេះឲ្យដល់ក្រុមហ៊ុនក្នុងស្រុក ជាពិសេសនិស្សិតជំនាន់ក្រោយ។

សូមជម្រាបជូនថាបច្ចេកវិទ្យានេះគឺជាការដាំដុះបន្លែក្នុងបន្ទប់ដោយប្រើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ អាចគ្រប់គ្រងសីតុណ្ហភាព សំណើម មិនរណបនឹងធម្មជាតិដូចជាភ្លៀងច្រើន រាំងស្ងួត សត្វល្អិត ឬជំងឺបំផ្លាញទ្បើយ ។

មានមតិនាឪកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនលោក Tomonori KIMURA ប្រជាជនកម្ពុជាជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញបាននិងកំពុងមានចំណាប់អារម្មណ៍ខ្ពស់ពីបញ្ហាសុខភាពទាក់ទងទៅ នឹងការបរិភោគចំណីអាហារ ពិសេសបន្លែនិងផ្លែឈើ ដូច្នេះឯកឧត្តមសូមធ្វើការគាំទ្រនិងលើកទឹកចិត្តដល់គម្រោង ជលវប្បកម្មនេះ និងសង្ឃឹមថាគម្រោងនេះនឹងទទួលបានជោគជ័យនិងអាចពង្រីកបច្ចេកវិទ្យានេះទៅតាមបណ្តាខេត្ត-ក្រុងមួយចំនួននាពេលអនាគត។ ម៉្យាងវិញទៀតឯកឧត្តមចង់ឲ្យគម្រោងនេះផ្ទេរបច្ចេកវិទ្យាដល់និស្សិត និងក្រុម ហ៊ុនផលិតបន្លែសុវត្ថិភាពក្នុងស្រុក ផលិតបន្លែឲ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ដើម្បីកាត់បន្ថយការនាំចូល។ ឯកឧត្តមសុំឲ្យឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មត្រូវយកចិត្តទុកដាក់រួម សហការឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាជំរុញការអនុវត្តគម្រោងនេះឲ្យទទួលបានផ្លែផ្កានាពេលអនាគត។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម