ប្រតិទិនព្រឹត្តិការណ៍

កញ្ញា 2017
ពុ ព្រ សុ អា
28 29 30 31 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 1

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការធ្វើអធិការកិច្ចលើការគ្រប់គ្រងចំណូល-ចំណាយថវិកា រដ្ឋ និងក្រមសីលធម៌មន្រ្តីរាជការអធិការកិច្ច

នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំបិទវគ្គបណ្តុះបណ្តាលស្តីពីការធ្វើអធិការកិច្ចលើការគ្រប់គ្រងចំណូល-ចំណាយថវិការដ្ឋ និងក្រមសីលធម៌មន្រ្តីរាជការអធិការកិច្ច ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឆ្លៀតក្នុងឱកាសនៃការបិទវគ្គបណ្តុះបណ្តាល ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់មិនខ្លាចនឿយហត់ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ដែលបានចូលរួមចំណែកក្នុងបុព្វហេតុនៃការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាឲ្យមានការរីកចម្រើនជាលំដាប់ប្រកបដោយមោទនភាពក្នុងឆ្នាំកន្លងមកនេះ ហើយក៏ជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងប្រត្យ័ក្សអំពីការទទួលខុសត្រូវខ្ពស់របស់យើងទាំងអស់គ្នាទោះបីមានបញ្ហាប្រឈមខ្លះៗក៏ដោយ។ គួររំព្ញកជូនផងដែរថា នៅឆ្នាំ១៩៨៤ ដល់ឆ្នាំ២០០០ គណៈកម្មាធិការអធិការកិច្ចហិរញ្ញវត្ថុត្រូវបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ១៧ អនក្រ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩៨៤ របស់ក្រុមប្រឹក្សារដ្ឋមន្រ្តី ដោយដើរតួនាទីជាសេនាធិការអធិការកិច្ចហិរញ្ញវត្ថុឲ្យក្រសួងហិរញ្ញវត្ថុ និងឲ្យក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តី តាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់ខេត្ត-ក្រុង។ ចាប់តាំងពីឆ្នាំ២០០០ រាជរដ្ឋាភិបាលបានប្រែក្លាយឈ្មោះ គណៈកម្មាធិការអធិការកិច្ចហិរញ្ញវត្ថុទៅជាអគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមអនុក្រឹត្យលេខ០៤ អនក្រ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ជារួមការធ្វើអធិការកិច្ច គឺមានគោលបំណងបញ្ជាក់អំពីប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្តបាន របស់អ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងអនុវត្តន៍ហិរញ្ញវត្ថុសាធារណៈ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

ដោយឡែកពាក់ព័ន្ធនឹងប្រធានបទនៃវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយអគ្គាធិការដ្ឋានរយៈពេល៣ថ្ងៃនេះស្របនៅក្នុងបរិការណ៍ដែលព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងទទួលផលពីសន្តិភាព ឯកភាពទឹកដី ឯកភាពជាតិ ស្ថេរភាពនយោបាយ ការអភិវឌ្ឍច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ត្រូវបានគិតគូររៀបចំឡើងតាមគោលនយោបាយវិត្ថារកម្មថវិកាដោយប្រយ័ត្នប្រយែង ដើម្បីបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងបង្កើនកម្រិតជីវភាពរស់នៅរបស់មន្រ្តីរាជការឲ្យកាន់តែល្អប្រសើរ ដោយផ្សារភ្ជាប់ទៅនឹងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ (២០១៥-២០១៨) ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថា វគ្គបណ្តុះបណ្តាលដែលមានការចូលរួមពីគ្រប់អង្គភាពជំនាញពាក់ព័ន្ធទៅនឹងមុខងារ តួនាទី និងភារកិច្ច ទាំងអធិការកិច្ច ទំាងសវនកម្មផ្ទៃក្នុង និងផ្នែកជំនាញនីមួយៗត្រូវស្វែងរកចក្ខុវិស័យមួយដើម្បីចែករំលែកបទពិសោធន៍ការងារក្នុងកិច្ចសហការ ដើម្បីជាឧបករណ៍ត្រួតពិនិត្យដែលមានស្រាប់ បំពេញមុខងារគ្នាទៅវិញទៅមកតាមផ្នែក និងតាមជំនាញវិជ្ជាជីវៈរៀងៗខ្លួនឲ្យគ្រប់ជ្រុងជ្រោយ អាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកក្នុងកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម រួមទាំងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរដ្ឋបាលសាធារណៈផងដែរ។ ជាទីបញ្ចប់ជាមួយនឹងការប្រកាសបិទ និងការអបអរសាទរអំពីលទ្ធផលនៃវគ្គបណ្តុះបណ្តាលស្តីពីការធ្វើអធិការកិច្ចលើការគ្រប់គ្រងចំណូល-ចំណាយថវិការដ្ឋ និងក្រមសីលធម៌មន្រ្តីរាជការអធិការកិច្ច ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ និងសូមប្រសិទ្ធពរជ័យបវរប្រសើរជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកានៃអង្គពិធីទាំងមូល សូមទទួលនូវសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ

ព្រមទាំងទទួលបានជ័យជម្នះថ្មីៗថែមទៀតក្នុងការបំពេញភារកិច្ចតាមសមត្ថភាពរៀងៗខ្លួន កុំបីឃ្លៀងឃ្លាតឡើយ៕ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម