ប្រតិទិនព្រឹត្តិការណ៍

សីហា 2017
ពុ ព្រ សុ អា
31 1 2 3 4 5 6
7 8 9 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30 31 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតអោយ លោក Supapong Krishnakan ប្រធានសមាគមអភិវឌ្ឍន៍ ស៊ិនធរណី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលម៉ោង ០៤:០០ នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយ លោក Supapong Krishnakan ប្រធានសមាគមអភិវឌ្ឍន៍ ស៊ិនធរណី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅឯទីស្តីការក្រសួង។ លោក Supapong Krishnakan មានប្រសាសថាគោលបំណងជំនួបរបស់លោក និងគណប្រតិភូពេលនេះ គឺដើម្បីសុំការណែនាំ និងអនុសាសន៍ពាក់ព័ន្ធនិងគោលបំណងការវិនិយោគរបស់សមាគមន៍ ដែលមានបំណងវិនិយោគលើវិស័យថាមពលព្រះអាទិត្យ (Solar Power) ការវិនិយោគឧបត្ថម្ភគាំទ្រការកែច្នៃផលិតផលកសិកម្ម ការចូលរួមដោះស្រាយបញ្ហា(ទឹក ទុន និងទីផ្សារ) ដោយផ្តោតលើការបង្កើនផលិតផលភាព ពិពិធភាវូបនីយកម្មកសិកម្ម លើការអភិវឌ្ឍន៍ សហគមន៍កសិកម្ម និងជំរុញផលិតកម្មកសិកម្មតាមកិច្ចសន្យា។ លោកក៏បានបញ្ជាក់ផងដែរថា ទស្សនកិច្ចរបស់លោក និងប្រតិភូមកកាន់កម្ពុជាលើកនេះ គឺដើម្បីពិនិត្យមើលនូវសក្តានុពលការដាំដុះផលិតផលកសិកម្មនានានៅកម្ពុជា និងជួបជាមួយបណ្តាសហគមន៏មួយចំនួន ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសហការដៃគូ អនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនរបស់លោក។

បន្ថែមពីលោកក៏មានបំណងបញ្ជូនអ្នកបច្ចេកទេសរបស់លោកមកកាន់កម្ពុជា ដើម្បីបណ្តុះបណ្តាលកសិករនូវបច្ចេកទេសដាំដុះ ទៅតាមបទដ្ឋានបច្ចេកទេសអោយបានត្រឹមត្រូវ និងស្របតាមលក្ខណៈស្តង់ដារតម្រូវរបស់ទីផ្សារអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវក្តីសប្បាយរីករាយ ចំពោះក្រុមហ៊ុនដែលបានចាប់អារម្មណ៏ក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនល្បឿនការអភិវឌ្ឍន៏វិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា បច្ចុប្បន្នកម្ពុជាកំពុងមានការកើនឡើងនូវកសិផលដែលទាមទារអោយមានការវិនិយោគលើការកែច្នៃ វេចខ្ចប់ និងនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអោយក្រុមហ៊ុនពិនិត្យមើលនូវលទ្ធភាពក្នុងការសហការផ្តល់នូវការរៀបចំប្រព័ន្ធពត៌មានវិទ្យាទីផ្សារដល់កម្ពុជា ដើម្បីសម្រួលដល់ការរៀបចំផែនការដាំដុះរបស់កសិករ អោយស្របទៅតាមតម្រូវទីផ្សារជាក់ស្តែង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងការស្វាគមន៏ និងគាំទ្រដល់ក្រុមហ៊ុនដទៃទៀតដែលមានបំណងចង់មកវិនិយោគលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ដើម្បីគាំទ្រដល់កសិករកម្ពុជាដែលបានខិតខំធ្វើការដាំដុះដំណាំកសិកម្ម ហើយមិនអាចស្វែងរកទីផ្សារជាក់លាក់បាន។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម