ប្រតិទិនព្រឹត្តិការណ៍

តុលា 2017
ពុ ព្រ សុ អា
25 26 27 28 29 30 1
2 3 4 5 6 7 8
9 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យ ឯកឧត្តម Simon Roded ឯកអគ្គរដ្ឋទូតចប់អាណត្តិ នៃរដ្ឋអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ថៃ និងវៀតណាម ចូលជួបសម្តែងការគួរសម

 កាលពីវេលាម៉ោង ០៣:០០ នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ ឯកឧត្តម Simon Roded ឯកអគ្គរដ្ឋទូតចប់អាណត្តិ នៃរដ្ឋអ៊ីស្រា អែលប្រចាំព្រះរាជាណាចក្រកម្ពុជា ថៃ និងវៀតណាម ដែលមាននិវេសនដ្ឋាននៅបាងកក ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅឯទីស្តីការក្រសួង។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសថាគោលបំណងនៃជំនួបរបស់លោកនាពេលនេះគឺដើម្បីជម្រាបលា និងរាយការណ៏អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តម បានបន្តថាក្នុងពេលឆាប់ៗខាងមុខនេះ រដ្ឋាភិបាលអ៊ីស្រាអែលនឹងបញ្ជូនជំនាញការកសិកម្ម មកបណ្តុះបណ្តាលដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម នូវបច្ចេកទេស និងបច្ចេកវិទ្យាកសិកម្មទំនើបៗពីប្រទេសអ៊ីស្រាអែល។ បន្ថែមពីនេះ រដ្ឋាភិបាលអ៊ីស្រាអែល ក៏បានបន្តការគាំទ្រដល់ការបង្កើនកូតាចំនួននិស្សិត ដែលត្រូវបញ្ជូនទៅបណ្តុះបណ្តាលបច្ចេកទេសកសិកម្មនៅប្រទេសអ៊ីស្រាអែលផងដែរ។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា មានក្រុមហ៊ុនជាច្រើននៅប្រទេសអ៊ីស្រាអែល កំពុងសំឡឹងមើលពីសក្តានុពលក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ហើយ ឯកឧត្តម នឹងផ្តាំផ្ញើឲ្យ ឯកអគ្គរដ្ឋទូត ថ្មីបន្តជំរុញឲ្យមានការវិនិយោគនៅកម្ពុជា ឲ្យបានច្រើនជាងមុន។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលបានផ្តល់ការគាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ដែល ឯកឧត្តម បានផ្តល់ការគាំទ្រលើការពង្រឹងធនធានមនុស្សនៅកម្ពុជាលើការបណ្តុះបណ្តាលបច្ចេកទេស និងបច្ចេកវិទ្យាទំនើបចុងក្រោយ ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការអភិវឌ្ឍន៏វិស័យកសិកម្មនៅកម្ពុជា ឲ្យកាន់តែសំបូរបែប និងជឿនលឿនដូចប្រទេសក្នុងតំបន់។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឲ្យរដ្ឋាភិបាល ជំរុញអ្នកវិនិយោគទុនអ៊ីស្រាអែល មកវិនិយោគនៅកម្ពុជាឲ្យបានច្រើន ដោយនាំមកនូវបច្ចេកវិទ្យាទំនើបៗ ដូចជា ប្រព័ន្ធធារាសាស្រ្តទំនើប គ្រឿងយន្តកសិកម្មទំនើប និងប្រព័ន្ធព័ត៌មានវិទ្យាថ្មីៗផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឲ្យរដ្ឋាភិបាលអ៊ីស្រាអែល គាំទ្រដល់ការបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស ក្រសួង ព្រមទាំងផ្តល់ឱកាសឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចសិក្សាដល់ថ្នាក់ដឹកនាំក្រសួង ដូចជា កម្រិតអគ្គនាយកនៃអគ្គនាយកដ្ឋាននីមួយៗ ដើម្បីសិក្សាអំពីយុទ្ធសាស្រ្តក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៏វិស័យកសិកម្ម រយៈពេលវែងរបស់ក្រសួងនាពេលខាងមុខ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម