ប្រតិទិនព្រឹត្តិការណ៍

វិច្ឆិកា 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រុមហ៊ុន ស៊ី ខេ វ៉ាយ អី ស្ថិតនៅសង្កាត់អូរតាវៅ

នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីជំនាញក្រោមឱវាទក្រសួងបានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រុមហ៊ុន ស៊ី ខេ វ៉ាយ អី ស្ថិតនៅសង្កាត់អូរតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីពិនិត្យមើលពីវឌ្ឍនៈភាពនៃផលិតកម្មជ្រូក និងស្ថានភាពនៃការផ្គត់ផ្គង់ជ្រូកនៅខេត្តប៉ៃលិន និងបណ្តាខេត្តជិតខាង។ សូមបញ្ជាក់ថា ក្រុមហ៊ុននេះបានចាប់ដំណើរការតាំងពីឆ្នាំ ២០១២ ដោយបានវិនិយោគលើផ្ទៃដីទំហំ ៩០ហិកតា មានមេពូជចំនួន ៣,០០០ក្បាល បាពូជចំនួន ៦៥ក្បាល ជ្រូកសាច់ចំនួន ២៥,៥០០ក្បាល និងប្រើប្រាស់ចំណីអស់ ១៩,៨០០តោន

ក្រុមហ៊ុនអាចមានលទ្ធភាពផលិតកូនបានចំនួន ៦,០០០ក្បាលក្នុងមួយខែ និងជ្រូកសាច់បានប្រមាណ ៧២,០០០ក្បាលក្នុងមួយឆ្នាំ ហើយផ្គត់ផ្គង់ទីផ្សារក្នុងមួយថ្ងៃ ១៧០-២០០ក្បាល (ក្នុងខេត្ត ៤០ក្បាល និងក្រៅខេត្ត ១៥០-១៦០ក្បាលក្នុងមួយថ្ងៃ)។

សព្វថ្ងៃមានបុគ្គលិកបម្រើការចំនួន ១៧២នាក់ ហើយក្នុងបុគ្គលិកម្នាក់អាចមានសមត្ថភាពគ្រប់គ្រង និងផ្តល់ចំណីដល់ជ្រូកចំនួន ៥០០ក្បាល ដោយភាគច្រើនក្រុមហ៊ុនបានបំពាក់នូវបច្ចេកវិទ្យាស្វ័យប្រវត្តិ និងប្រើប្រាស់អគ្គិសនីប្រភេទជីវឧស្ម័ន។ ឆ្លៀតក្នុងឱកាសនោះ លោកឧកញ៉ាអគ្គនាយកក្រុមហ៊ុន ក៏បានលើកឡើងនូវបញ្ហាប្រឈមរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងការចំណាយថ្លៃដើមផលិតចំណីសត្វនៅមានកម្រិតខ្ពស់ ព្រោះវត្ថុធាតុដើមដូចជាកាកសណ្តែកសៀង និងម្សៅត្រីត្រូវនាំចូលពីប្រទេសជិតខាង និងការនាំចូលជ្រូកខុសច្បាប់មួយចំនួនក៏បានប៉ះពាល់ដល់តម្លៃទីផ្សារផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលខិតខំពង្រីកលទ្ធភាពក្នុងការផលិត និងផ្គត់ផ្គង់ជ្រូកនៅលើទីផ្សារ ដែលបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុក និងជំរុញផលិតផលក្នុងស្រុក។

ដោយឡែកចំពោះបញ្ហាប្រឈមដែលក្រុមហ៊ុនកំពុងជួបប្រទះនោះ ឯកឧត្តមរដ្ខមន្រ្តី បានចាត់អោយអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ ចុះសិក្សាស្វែងយល់ពីខ្សែសង្វាក់ផលិតកម្មជ្រូកនៅប្រទេសវៀតណាមក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីពិនិត្យមើលកត្តាគន្លឹះនៃការកាត់បន្ថយថ្លៃដើមផលិត ហើយរៀបចំសេចក្តីជូនដំណឹងដល់គ្រប់បណ្តារាជធានី-ខេត្តទាំងអស់អំពីការលុបបំបាត់ការនាំចូលខុសច្បាប់នៅតាមច្រករបៀង និងស្នើសុំអោយអាជ្ញាធរមូលដ្ឋានចូលរួមទប់ស្កាត់ទាំងអស់គ្នា។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម