ប្រតិទិនព្រឹត្តិការណ៍

សីហា 2017
ពុ ព្រ សុ អា
31 1 2 3 4 5 6
7 8 9 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30 31 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពពិធីទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម ឬឱនភាពដី ឆ្នាំ២០១៧ ក្រោមប្រធានបទ "ដីរបស់យើង ផ្ទះរបស់យើង អនាគតរបស់យើង"

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានប្រារព្ធពិធីទិវាពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម ឬឱនភាពដី ឆ្នាំ២០១៧ ក្រោមប្រធានបទ "ដីរបស់យើង ផ្ទះរបស់យើង អនាគតរបស់យើង" ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាតំណាងនៃអង្គទូតប្រទេសនានា ដៃគូអភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយនិងសាស្ត្រាចារ្យ និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម យ៉ាងច្រើនកុះករ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីគោលបំណងនៃការប្រារព្វទិវានេះ គឺដើម្បីបង្កើនចំណាប់អារម្មណ៍របស់សាធារណជនអំពីមូលហេតុផ្សេងៗ ដែលបង្កឲ្យមានរហោស្ថានកម្ម ឬឱនភាពដី និងគ្រោះរាំងស្ងួតព្រមទាំងផលវិបាកផ្សេងៗដែលជះឥទ្ធិពលមកលើជីវិតសត្វលោក នៅលើភពផែនដីយើងនេះ ពិសេសជីវភាព រស់នៅរបស់បងប្អូនកសិករនៅតំបន់ជនបទដែលពឹងអាស្រ័យលើការងារបង្កបង្កើនផលកសិកម្ម។

ជាការពិត រហោស្ថានកម្ម ឬឱនភាពដីដែលនាំឱ្យមានការថយចុះ ឬបាត់ផលិតភាពសេដ្ឋកិច្ចនៃដីស្រែចម្ការ វាលស្មៅ និងព្រៃឈើ។ល។ តែងតែកើតឡើងដោយ សារសកម្មភាពរបស់មនុស្ស រួមមាន: ការកាប់បំផ្លាញព្រៃឈើ ការរុករករ៉ែ ការធ្វើកសិកម្មលើសកម្រិត មិនត្រឹមត្រូវតាមបច្ចេកទេស ព្រមទាំងដោយសារកត្តាធម្មជាតិផ្សេងៗ ទៀតដូចជាការប្រែប្រួលនៃធាតុអាកាសជាដើម។

ជាមួយនឹងការជម្រាបអំពីប្រវត្តិ និងកិច្ចខិតខំរបស់បណ្ដាប្រទេសជាសមាជិកនៃអនុសញ្ញាប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម ឬឱនភាពដី ជាពិសេសកិច្ចខិតខំ និងការប្ដេជ្ញាចិត្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាស្ថាប័នបង្គោលនៃអនុសញ្ញា ឯកឧត្ដមរដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍មួយចំនួនដើម្បីបន្តអនុវត្ត រួមមាន៖

(១). ត្រូវបង្កើនផលិតភាពកសិកម្មតាមគ្រប់មុខព្រួញឱ្យទាន់រដូវកាលដាំដុះ

(២). ត្រូវទប់ស្កាត់ការកាប់រានហ៊ុមព័ទ្ធដីព្រៃឈើធ្វើកម្មសិទ្ធិឱ្យបានសកម្មក្រោមកិច្ចសហការល្អប្រសើរជាមួយគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត

(៣). ត្រូវអនុវត្តកសិកម្មល្អប្រកបដោយភាពវៃឆ្លាត

(៤). ត្រូវលើកកម្ពស់គោលនយោបាយប្រើប្រាស់ដីធ្លីប្រកបដោយសមធម៌ ព្រមទាំងជំរុញការរៀបចំច្បាប់ស្តីពីដីកសិកម្ម ការធ្វើកសិកម្មចម្រុះឱ្យអស់លទ្ធភាព និងកាត់ បន្ថយការធ្វើចំណាកស្រុក និង

(៥). ត្រូវចូលរួមការពារ ស្តារ និងអនុវត្តការប្រើប្រាស់ដោយនិរន្តរភាពនូវធនធានធម្មជាតិនិងប្រព័ន្ធបរិស្ថាន។ ក្នុងព្រឹត្តិការណ៍នេះទៀតសោត ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់អង្គពិធីទាំងមូល ជាពិសេស អង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវភាពម្ចាស់ការក្នុងការចូលរួមការពារ ស្តារ និងអនុវត្តការប្រើប្រាស់ដោយនិរន្តរភាពនូវធនធានធម្មជាតិ និងប្រព័ន្ធបរិស្ថាន ជាពិសេស គឺចូលរួមទប់ស្កាត់ការអនុវត្ត ឬ សកម្មភាពដែលបង្កឲ្យមានឱនភាពដី ពោលគឺត្រូវបង្វែរពីការរស់នៅដោយពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ ព្រមទាំងការអនុវត្តធ្វើកសិកម្មតាមទម្លាប់ មកធ្វើកសិកម្មតាមបែបប្រពលវប្បកម្មទំនើប ចម្រុះ ទាន់សម័យ និងសមស្រប ហើយចូលរួមគ្រប់គ្រងដីឲ្យមាននិរន្តរភាពដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសម្បជញ្ញៈក្នុងការថែរក្សា ស្តារ ឬកែប្រែទឹកដីរបស់យើងឲ្យមានភាពបៃតងស្រស់ មានភាពមនោរម្យយូរអង្វែងសម្រាប់ជីវិតរបស់យើងគ្រប់ៗគ្នា និងត្រូវចងចាំថា ទឹកដីជាមូលដ្ឋានផ្តល់ជីវិតសម្រាប់សត្តនិករទាំងឡាយដែលមានជីវិតរស់នៅលើភពផែនដីយើងនេះ ឆ្លើយតបទៅនឹងពាក្យស្លោកខាងលើដែលបានលើកឡើងថា “ដីរបស់យើង ផ្ទះរបស់យើង អនាគតរបស់យើង”។សូមរកអានព័ត៌មានបន្ថែមពីសម្រង់ព័ត៌មានជូនភ្ជាប់ជាមួយរូបភាពខាងលើ៕ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម