ប្រតិទិនព្រឹត្តិការណ៍

តុលា 2017
ពុ ព្រ សុ អា
25 26 27 28 29 30 1
2 3 4 5 6 7 8
9 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួប ឯកឧត្តម Ben King ឯកអគ្គរដ្ឋទូតណូវែលហ្សូឡង់ប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

កាលពីវេលាម៉ោង ១៤:០០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប ឯកឧត្តម Ben King ឯកអគ្គរដ្ឋទូតណូវែលហ្សូឡង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅបាងកក ប្រទេសថៃ នៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តម Ben King បានមានប្រសាសន៏ ថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអនុញ្ញាតអោយលោក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ រដ្ឋាភិបាលណូវែលហ្សូឡង់មានផែនការបង្កើត គម្រោងដំណាំសាកវប្បកម្មប្រកបដោយគុណភាព ឆ្នាំ២០២០-២០២២ នៅកម្ពុជា ដែលជួយគាំទ្រដល់ជីវភាពកសិករ និងជាគម្រោងដែលជួយជំរុញដល់ការនាំចេញផលិតផលកសិកម្មផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏មានបំណងអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី ទស្សនកិច្ចនៅប្រទេសនូវែលហ្សូឡង់ ដើម្បីពិនិត្យមើលពីដំណើរការដាំដុះដំណាំសាកវប្បកម្ម ការចិញ្ចឹមគោយកទឹកដោះ ការចិញ្ចឹមសត្វ ដែលមានគុណភាពនិងសុវត្ថិភាព និងការត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យមុននឹងធ្វើការនាំចេញ។ រដ្ឋាភិបាលណូវែលហ្សូឡង់ ក៏កំពុងផ្តល់នូវការគាំទ្រហិរញ្ញប្បទានដល់បណ្តាប្រទេសនៅក្នុងតំបន់មេគង្គ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់អោយកាន់ភាពខ្លាំងក្លា ហើយវាអាចជាមូល ដ្ឋានដ៏រឹងមាំក្នុងការពង្រីកជំនួញនៅក្នុងទីផ្សារអន្តរជាតិផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៏ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម Ben King និងសហការីមកកាន់ព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលណូវែលហ្សូឡង់ដែលបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រីកសក្តានុពលដាំដុះដំណាំសាកវប្បកម្ម និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ ដោយឡែកកម្ពុជាក៏នៅមានជួបនឹងបញ្ហាប្រឈមមួយចំនួនដូចជា ការគ្រប់គ្រងទឹកលើដី និងការរៀបចំប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងបែបទំនើប ដូចជាប្រព័ន្ធតំណក់ទឹក (Drip) និងប្រព័ន្ធបាចសាច (Sprinkler) ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា កម្ពុជាបានអភិវឌ្ឍន៏នូវគម្រោងធំៗដូចជាទំនប់ទឹក និងប្រព័ន្ធធារាសាស្រ្តខ្នាតធំ ប៉ុន្តែប្រព័ន្ធចែកចាយខ្នាតតូចនៅពុំទាន់បានអភិវឌ្ឍ បានទូលំទូលាយនៅឡើយ ហើយប្រព័ន្ធទឹកក្រោមដីសម្រាប់ការស្រោចស្រពនៅតំបន់ទីទួលមួយចំនួនក៏ពុំទាន់បានប្រើប្រាស់ពេញលេញនៅឡើយ ដោយតំលៃអគ្គិសនីនៅកម្ពុជាមិនទាន់មានភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង។ ដូច្នេះ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថានៅក្នុងរយៈពេលដ៏ខ្លីខាងមុខ កម្ពុជានឹងបន្តទទួលបានគម្រោងគាំទ្រពីប្រទេសជាដៃគូបន្ថែមទៀត ដើម្បីបំពេញនូវចំណុចខ្វះខាតទាំងនេះ និងពន្លឿនការអភិវឌ្ឍន៏នៅកម្ពុជា។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម