ប្រតិទិនព្រឹត្តិការណ៍

កក្កដា 2017
ពុ ព្រ សុ អា
26 27 28 29 30 1 2
3 4 5 6 7 8 9
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31 1 2 3 4 5 6

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួប ឯកឧត្តម Shin Won Sop រដ្ឋមន្រ្តីក្រសួងសេវាកម្មព្រៃឈើនៃសាធារណៈរដ្ឋកូរ៉េ និងប្រតិភូ

កាលពីវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប ឯកឧត្តម Shin Won Sop រដ្ឋមន្រ្តីក្រសួងសេវាកម្មព្រៃឈើនៃសាធារណៈរដ្ឋកូរ៉េ និងប្រតិភូ នៅឯទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាអំពីវឌ្ឍនៈភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងសច្ចាប័នក្នុងការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO) រវាងកម្ពុជា និងកូរ៉េ។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៏យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម Shin Won Sop ដែលបានបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាកិច្ចព្រមព្រៀងបានទទួលការគាំទ្រពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងរៀបចំផែនការវិនិយោគដាំព្រៃឈើឡើងវិញអោយបានទូលំទូលាយ ជាពិសេសនៅតាមតំបន់សម្បទានដីសេដ្ឋកិច្ច ដែលត្រូវបានរាជរដ្ឋាភិបាលនិរាករណ៏កន្លងមក។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបង្ហាញនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងការជំរុញការអនុវត្តគោលនយោបាយភាពជាដែគូវិស័យឯកជន និងរដ្ឋ ដើម្បីបង្កើនសន្ទុះនៃការអភិវឌ្ឍន៏សេដ្ឋកិច្ច។

ឯកឧត្តម Shin Won Sop បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយក្រសួងសេវាកម្មព្រៃឈើនៃសាធារណៈរដ្ឋកូរ៉េ។ ឯកឧត្តម បានបន្តថាកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងសច្ចាប័នក្នុងការបង្កើត AFoCO ជាមួយប្រទេសមួយចំនួនរួចមកហើយក្នុងនោះមាន វៀតណាម ឥណ្ឌូនេស៊ី បូតាន និងកម្ពុជា ហើយក្រសួងនឹងបន្តចុះហត្ថលេខាជាមួយប្រទេសទីម័រ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ឯកឧត្តម បានបញ្ជាក់ថាកូរ៉េនឹងបញ្ជូនវិស័យឯកជនដែលមានសក្តានុពលវិនិយោគលើការដាំព្រៃឈើមកកាន់កម្ពុជា ដើម្បីចាប់ដៃគូសហការវិនិយោគជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខនេះ។ ឯកឧត្តមក៏សង្ឃឹមដែរ ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះរួច ប្រទេសទាំងពីរនឹងកាន់តែបង្កើនកិច្ចសហប្រតិបត្តិល្អប្រសើរជាងមុន ព្រមទាំងការរក្សាបាននូវធនធានព្រៃឈើប្រកបដោយនិរន្តរភាព។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម