ប្រតិទិនព្រឹត្តិការណ៍

ឧសភា 2017
ពុ ព្រ សុ អា
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធី វេទិកាស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេលមួយថ្ងៃពេញ

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកាស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេលមួយថ្ងៃពេញ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងក្រសួងស្ថាប័នពាក់ពន្ធ័ អាជ្ញាធររាជធានី ខេត្ត ឯកឧត្តម អស់លោក លោកស្រី ជាតំណាងអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទរាជធានី ខេត្ត លោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៏ ភ្ញៀវជាតិ និងអន្តរជាតិ តំណាងវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល ហើយនិងតំណាងសហគមន៍កសិកម្ម ព្រៃឈើ ជលផល យ៉ាងច្រើនកុះករសរុបប្រមាណជាង ៥០០នាក់។ សូមបញ្ជាក់ជូនជ្រាបថា ការរៀបចំវេទិកានេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងវេទិកាស្តីពី"ការការពារ និងអភិរក្សធនធានធម្មជាតិ" នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងមក។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងស្មារតីស្ថាបនា ដើម្បីប្រមូលធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយសំដៅរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ដោយផ្តោតគោលបំណងផ្តល់ឱកាសដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមគំនិត យោបល់ទៅលើ៖

(១)-ស្វែងយល់អំពីការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងបញ្ហាប្រឈមសំខាន់ៗ និងសំណូមពរនានា ពាក់ព័ន្ធនឹងការលើកកម្ពស់ផលិតកម្មកសិកម្ម ការគ្រប់គ្រងកសិផល និងទីផ្សារ

(២)-ពិភាក្សាចែករំលែកបទពិសោធន៍ មេរៀន ព័ត៌មាន និងចំណេះដឹងអំពីការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(៣)-រិះរក និងកំណត់ដំណោះស្រាយលើបញ្ហាប្រឈមសំខាន់ៗ និងសំណូមពរនានា ព្រមទាំងភារកិច្ច ការរួមចំណែក ឬការទទួលខុសត្រូវរបស់ភាគី និងអ្នកពាក់ព័ន្ធទាំងអស់។ សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៦-២០១៧ នាពេលឆាប់ៗខាងមុខនេះ ក៏នឹងយកលទ្ធផលនៃវេទិកានេះ ទៅពិនិត្យ និងពិភាក្សាបន្ថែមទៀត ដើម្បីដាក់ចេញដំណោះស្រាយ និងវិធានការអនុវត្ត។

សូមរកមើលសុន្ទរកថារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងបើកវេទិកាកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរូបភាពខាងក្រោម។ អង្គវេទិកាកំពុងធ្វើការពិភាក្សាលើបញ្ហានានា និងដាក់ចេញនូវវិធានការ និងដំណោះស្រាយ ដែលលទ្ធផលនឹងជម្រាបជូននាពេលបន្ទាប់។

 

ចាប់ពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា វេទិកាស្តីពីកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានធ្វើការពិភាក្សាគ្នា នៅក្នុងចំណោមអាជ្ញាធរខេត្ដ វិនិយោគិន វិស័យឯកជន តំណាងសហគមន៍កសិកម្ម ព្រៃឈើ ជលផល កសិករផលិតកូនត្រីពូជ កសិករចិញ្ចឹមត្រី អង្គការក្រៅរដ្ឋាភិបាល លើបញ្ហាជាច្រើន ហើយដែលឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកយកមកដោះស្រាយ និងដាក់ចេញវិធានការ ជាអាទិ៍: ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ភាពចាំបាច់នៃភាពជាដៃគូ និងកិច្ចសហការរវាងរដ្ឋ វិស័យឯកជន និងសហគមន៍កសិកម្ម ឬកសិករ ទីផ្សារកសិផល ការនាំចូលខុសច្បាប់នូវ សត្វ ផលិតផលមានដើមកំណើតពីសត្វ ត្រី កូនត្រីពូជ បន្លែ ផ្លែឈើពីប្រទេសជិតខាង ការទន្ទ្រានយកដីរដ្ឋ ឬដីព្រៃឈើ និងការកាប់ឈើដោយខុសច្បាប់ ការវិភាជន៍ថវិកា ឬឧបត្ថម្ភថវិកាជួយដល់សហគមន៏ ការរិះរកមធ្យោបាយជួយសហគមន៍ឲ្យទទួលបានចំណូលបន្ថែមសមស្របក្រៅពីចំណូលពាក់ព័ន្ធធនធានធម្មជាតិ ការពង្រឹងសមត្ថភាពកសិករ បញ្ហាថ្លៃដើមផលិតកម្មកសិកម្មខ្ពស់ សំណើបញ្ចុះពន្ធជ័រកៅស៊ូ សារសំខាន់នៃការទាក់ទាញវិនិយោគិនលើខ្សែសង្វាក់ផលិតកម្មកសិកម្មសម្រាប់ផលិតនាំចេញកសិផល ភាពចាំបាច់នៃការត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ សារសំខាន់នៃកិច្ចសហការជិតស្និទ្ធិរវាងអង្គភាពជំនាញនៃក្រសួង ជាមួយសហគមន៍ និងអង្គការក្រៅរដ្ឋាភិបាល លើកិច្ចការពារនិងគ្រប់គ្រងធនធានព្រៃឈើ ជលផល និងដីធ្លី ហើយនិងយន្តការកាត់បន្ថយ ឬបំបាត់ទំនាស់ ឬជម្លោះរវាងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងប្រជាពលរដ្ឋ ជម្រើសនៃការប្រើប្រាស់ដីសម្បទានសេដ្ឋកិច្ចដែលបានដកហូត ។ល។

ជារួម វេទិកាកសិកម្ម រុក្ខាប្រមាញ់និងនេសាទនេះ បានប្រព្រឹត្តិទៅដោយមានការចូលរួមមតិ យោបល់យ៉ាងផុលផុស ត្រង់ទៅ ត្រង់មក ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងស្និទ្ធស្នាល ហើយទទួលបានលទ្ធផលផ្លែផ្កាតាមការរំពឹងទុក។ តួអង្គពាក់ព័ន្ធ បានស្នើសុំឲ្យមានការរៀបចំវេទិកានេះ ឲ្យបានមួយឆ្នាំម្ដង ដើម្បីយល់ពីគ្នា រួមគ្នាកំណត់បញ្ហាប្រឈម ដំណោះស្រាយ និងវិធានការ ដើម្បីអភិវឌ្ឍកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម