ប្រតិទិនព្រឹត្តិការណ៍

មេសា 2017
ពុ ព្រ សុ អា
27 28 29 30 31 1 2
3 4 5 6 7 8 9
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបតំណាងក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន

កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប តំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មួយចំនួនផងដែរ។ ដំណើរទស្សនកិច្ចឆ្នាំ ២០១៧ នេះ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានមានបំណងលើកយកចំណុចមួយចំនួនមកពិភាក្សាដូចខាងក្រោម៖

1. ការគាំទ្រសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងកម្ពុជា-សហរដ្ឋអាមេរិក

2. ការបំផុសអោយឃើញ នូវសារសំខាន់នៃវិស័យថាមពល និងការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធក្នុងនោះរួមមានបញ្ហាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា-ថៃជាដើម

3. ការគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តអោយបានកាន់តែល្អប្រសើរ នូវអភិបាលកិច្ចល្អ និងតម្លាភាព

4. ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពរួមមាន ការអភិវឌ្ឍន៏ធនធានមនុស្ស ការទទួលខុសត្រូវរបស់សហគ្រាសក្នុងសង្គម ការបណ្តុះបណ្តាលផ្នែកអាជីវកម្មខ្នាតតូច និងមធ្យមភាពជាអ្នកដឹកនាំយុវជន និងកម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា-សហរដ្ឋអាមេរិកជាដើម។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី បានមានសម្តែងការស្វាគមន៏ចំពោះប្រតិភូធុរកិច្ចសហរដ្ឋអាមេរិក ដែលបានអញ្ជើញមកទស្សនកិច្ចនៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបង្កើតឱកាសនៃកិច្ចជំនួបរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនប្រតិភូថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជា ហើយចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា កម្ពុជាបានឆ្លងផុតពីដំណាក់កាលខ្វះខាតស្បៀង មកមានស្បៀងគ្រប់គ្រាន់ ហើយបាននឹងកំពុងធ្វើការនាំចេញទៅកាន់ទីផ្សារពិភពលោក។ ទន្ទឹមនឹងកម្ពុជានាំចេញនូវផលិតផលកសិកម្មនេះ កម្ពុជាក៏កំពុងជួបប្រទះបញ្ហាមួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធកសិកម្មនៅមានកម្រិត កសិ-ឧស្សាហកម្មនៅកម្ពុជានៅមានកម្រិតនិងមិនទាន់មានភាពប្រកួតប្រជែងនឹងប្រទេសជិតខាង ព្រមទាំងបញ្ហាទីផ្សារនាំចេញ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន ជួយគាំទ្រដល់កម្ពុជាលើ ហេដ្ឋារចនាសម្ព័ន្ធកសិកម្មនិងថាមពល និងគាំទ្រដល់ការអភិវឌ្ឍន៏ធនធានមនុស្សនៅកម្ពុជា ដោយមានការបញ្ជូលនូវភាពច្នៃប្រឌិតថ្មីៗ ជាពិសេសការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជននៅកម្ពុជា ដើម្បីបង្កើនសន្ទុះនៃការអភិវឌ្ឍន៏អោយស្របទៅនឹងការវិវឌ្ឍន៏ក្នុងតំបន់។

តំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានធ្វើការចាប់អារម្មណ៏ទៅលើការអភិវឌ្ឍន៏ ស្បៀងអាហារ និងកសិកម្មនៅកម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូល។ ឆ្លៀតក្នុងឱកាសនេះ តំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានសក្តានុពលកសិកម្ម ហើយជាកាលានុវត្តភាពសម្រាប់វិស័យឯកជនក្នុងការចូលមកវិនិយោគ។ ប្រតិភូ មានបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ វិស័យថាមពល នៅកម្ពុជាដើម្បីគាំទ្រដល់ការអភិវឌ្ឍន៏វិស័យកសិ-ឧស្សហកម្ម។ ក្រៅពីនេះប្រតិភូ ក៏បានសង្កេតឃើញថាកម្ពុជាទាមទារអោយមានការផ្លាស់ប្តូរពីការធ្វើកសិកម្មបែបបុរាណ ទៅជាការប្រើប្រាស់ប្រព័ន្ធឌីជីថលដែលជាបច្ចេកវិទ្យាកសិកម្មចុងក្រោយ ហើយជំរុញការផ្សារភ្ជាប់ផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ប្រកបដោយសុវត្ថិភាព និងសន្តិសុខ រួមផ្សំនឹងការពង្រឹងយីហោផលិតផល ដើម្បីពង្រីកការផ្សព្វផ្សាយផលិផលកសិកម្មកម្ពុជានៅលើទីផ្សារអន្តរជាតិ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម