ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ទទួលមន្ទីរពិសោធន៍កសិកម្មកម្ពុជា សម្ភារៈ ត្រួតពិនិត្យជំងឺសត្វ សម្ភារ:ផ្ទះបាយ និងសំភារៈការិយាល័យ ពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន

នៅម៉ោង៣:០០ រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាជាតិកសិកម្មជាតិព្រែកលៀប ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី នៅក្នុងពិធីប្រគល់ទទួលមន្ទីរពិសោធន៍កសិកម្មកម្ពុជា សម្ភារៈត្រួតពិនិត្យជំងឺសត្វ សម្ភារ:ផ្ទះបាយ និងសំភារៈការិយាល័យ ពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទនៃក្រសួង មន្ត្រីស្ថានទូតចិន ព្រមទាំងសាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតនៃសាលាជាតិកសិកម្មព្រែកលៀប យ៉ាងច្រើនកុះករ។

ក្នុងពិធីនោះឯកឧត្តមឯកអគ្គរដ្ឋទូតបានអបអរសាទរដល់មន្ទីរពិសោធន៍កសិកម្មជាតិនេះ ដែលជាសមិទ្ធផលថ្មីក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម នៃប្រទេសទាំងពីរ ចិន កម្ពុជា ដែលជាអ្នកជិតខាងល្អ ជាមិត្តភាពប្រពៃណី។ កិច្ចសហប្រតិបត្តិរវាងកម្ពុជា ចិន ជាសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលយើងត្រូវខិតខំបន្ថែមទៀតលើ មូលដ្ឋាន ជាក់ស្តែង ដើម្បីជំរុញឲ្យលេចចេញជាលទ្ធផល និងសមិទ្ធផលជាក់ស្តែងឲ្យបានច្រើនថែមទៀត។ ចំពោះមន្ទីរពិសោធន៍នេះនឹងរួមចំណែកដល់ការងារលើកកម្ពស់គុណភាព សុវត្ថិភាពកសិ ម្ហូបអាហារ និងកសិផល ការស្រាវជ្រាវ ហើយនិងការបង្កើនកិច្ចសហប្រតិបត្តិការរវាងចិន កម្ពុជា មួយកម្រិតទៀត។ ក្នុងនាម ស្ថានទូតចិន ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងជួយជំរុញសហប្រតិបត្តិការលើវិស័យកសិកម្មប្រទេសទាំងពីរ ឲ្យកាន់រីកចម្រើនថែមទៀត។

 

មានប្រសាសន៏នៅក្នុងពិធីនោះឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលជានិច្ចកាលជួយឧបត្ថម្ភដល់ប្រទេសកម្ពុជា និងជាពិសេស ជួយដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលជាក់ស្តែង នៅថ្ងៃនេះ គឺមានពិធីប្រគល់ទទួលមន្ទីរពិសោធន៍កសិកម្មកម្ពុជា ។មន្ទីរពិសោធន៍ដ៏ទំនើប នេះមានសារសំខាន់ អនេក ដោយមានតួនាទីនិងភារកិច្ចក្នុងការវិភាគគុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម ក្នុងការត្រួតពិនិត្យ និងវិភាគផលិតផលកសិកម្ម ផលិតផលកែច្នៃ និង កសិ-ម្ហូបអាហារ ក្នុងន័យបំរើដល់សុខភាព សុវត្ថិភាពរបស់អ្នកប្រើប្រាស់និងឈានទៅរកការនាំចេញផលិតផល កសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជួយលើកស្ទួយ កំរិតជីវភាពកសិករ ស្របតាមគោលនយោបាយ យុទ្ធសាស្រ្ត កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាជនកម្ពុជា។ ដូចនេះ អង្គភាពទទួលខុសត្រូវលើដំណើរ ការមន្ទីរពិសោធន៍ ត្រូវខិតខំប្រឹងប្រែងបង្កើនសមត្ថភាព និងការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងថ្លែងអំណរគុណដល់ឯកឧត្ដមអគ្គរដ្ឋទូត មន្ត្រីស្ថានទូត និងក្រុមហ៊ុនសាងសង់ដែល បានបញ្ចប់ការសាងសង់មន្ទីរពិសោធន៍ជាតិកសិកម្មនេះ ជាស្ថាពរ ដែលជាការរួមចំណែក ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់គោលនយោបាយវិថីសូត្ររបស់ប្រទេសចិន និងរួមចំណែកដល់ការលើកស្ទួយពាណិជ្ជកម្មទ្វេភាគីកម្ពុជា ចិន ដែលថ្នាក់ដឹកនាំកំពូល យើងទាំងពីរប្ដេជ្ញាឲ្យបានដល់ទំហំ ៥ពាន់លានដុល្លា ក្នុងឆ្នាំ២០១៧។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានណែនាំដល់សាលាជាតិកសិកម្មព្រែកលៀប ខិតខំបណ្ដុះបណ្ដាលនិស្សិត លើបច្ចេកទេសជួយលើកស្ទួយនិងជំរុញកសិផលកម្ពុជាទៅក្នុងទីផ្សារក្នុងស្រុក និងបរទេស ដូចជាបច្ចេកទេសវេចខ្ចប់ទំនិញកសិផលឲ្យបានស្អាតល្អ មានលក្ខណៈទាក់ទាញ ជាដើម។

 

បន្ទាប់ពីទស្សនាមន្ទីរពិសោធន៍ថ្មី ឯកឧត្ដមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានពិភាក្សាគ្នា ដោយក្នងនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាសិក្សាលើកគម្រោងដាក់ជូន ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជួយដល់ដំណើរការជាក់ស្តែងនៃមន្ទីរពិសោធន៍ នាពេលឆាប់ៗ ខាងមុខនេះ៕

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម