ប្រតិទិនព្រឹត្តិការណ៍

កក្កដា 2017
ពុ ព្រ សុ អា
26 27 28 29 30 1 2
3 4 5 6 7 8 9
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31 1 2 3 4 5 6

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយគណៈកម្មាធិការអង្កេត បោសសម្អាត និងប្រឆាំងអំពីពុករលួយនៃព្រឹទ្ធសភា (គណៈកម្មាធិការទី១០ នៃព្រឹទ្ធសភា)

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ហើយនិង ថ្នាក់ដឹកនាំអង្គភាពជំនាញក្រោមឱវាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈកម្មាធិការអង្កេត បោសសម្អាត និងប្រឆាំងអំពីពុករលួយនៃព្រឹទ្ធសភា (គណៈកម្មាធិការទី១០ នៃព្រឹទ្ធសភា)។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូនៃគណៈកម្មាធិការទី១០ នូវរបាយការណ៏សង្ខេបអំពីសកម្មភាពនិងលទ្ធផលនៃការអនុវត្តការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអាទិ៍ៈ

I-ស្ថានភាពទូទៅនៃវិស័យកសិកម្ម: ដោយគូសបញ្ជាក់ពីភាពរីកចម្រើនជារួមនៃវិស័យកសិកម្ម ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅតាមគោលនយោបាយ ចតុកោណដំណាក់កាលទី៣ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល។

II-សមិទ្ធផលដែលសម្រេចបាន ក្នុងផលិតកម្មស្រូវ និងដំណាំផ្សេងៗ ការនាំចេញផលិតផលកសិកម្ម ការស្រាវជ្រាវ ផ្សព្វផ្សាយនិងអភិវឌ្ឍន៏កសិកម្ម ផលិតកម្មកៅស៊ូ ការងារនីតិកម្មកសិកម្ម ផលិតកម្មសត្វនិងបសុព្យាបាល ការអនុវត្តគោលនយោបាយកែទម្រង់ស៊ីជម្រៅផ្នែកជលផល និងព្រៃឈើ ហើយនិងការងារហិរញ្ញវត្ថុ។

III-បញ្ហាប្រឈម: រួមមានសមត្ថភាពបន្ស៊ាំរបស់កសិករទៅនឹងការប្រែប្រួលធាតុអាកាស បញ្ហាប្រឈមក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដីកសិកម្មឲ្យចំគោលដៅ លទ្ធភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធស្រោចស្រព បញ្ហាទីផ្សារកសិផលនិងការជះឥទ្ធិពលអវិជ្ជមាននៃទីផ្សារសកល បទល្មើសជលផល ព្រៃឈើ ការលួចនាំចូលសត្វ និងសម្ភារៈកសិកម្ម ការកាប់រានទន្ទ្រានហ៊ុមព័ទ្ធដីព្រៃឈើ ជាដើម។

បន្ទាប់មក ឯកឧត្តម ម៉ម ប៊ុននាង ប្រធានស្តីទី និងឯកឧត្តមដែលជាសមាជិក នៃគណៈកម្មាធិការទី១០ បានអបអរ និងកោតសរសើរចំពោះរបាយការណ៍ដែលមានលក្ខណៈ គ្រប់ជ្រុងជ្រោយ និងលទ្ធផលសម្រេចបានក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងឱកាសនោះ ស្របតាមការលើកឡើងរបស់គណៈកម្មាធិការទី១០ នៃព្រឹទ្ធសភាផងដែរ អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្ដូរមតិបន្ថែម មួយចំនួន ដោយផ្តោតលើយុទ្ធសាស្ត្រ ផែនការ និងវិធានការ លើ៖

-ការគ្រប់គ្រង ទប់ស្កាត់ការនាំចូលជីកសិកម្មនិងថ្នាំកសិកម្ម នាំចូលសត្វ ដោយខុសច្បាប់

-ការនាំចូលសត្វ និងផលិតផលមានដើមកំណើតពីសត្វ

-ការការពារ និងអភិរក្សធនធានជលផល ជាពិសេសការអភិរក្សពូជត្រីនៅបឹងទន្លេសាប

-ការលើកទឹកចិត្តដល់និស្សិតធ្វើការស្រាវជ្រាវលើការបង្កើតថ្មី ក្នុងវិស័យកសិកម្ម

-ត្រួតពិនិត្យលើក្រុមហ៊ុនវិនិយោគ និងការ លើកទឹកចិត្តចំពោះក្រុមហ៊ុនល្អ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម ធានាសុខភាពនិង សុខមាលភាពរបស់ប្រជាពលរដ្ឋ

-បញ្ហាផលប៉ះពាល់ដល់ប្រជាកសិករ នៅតាមទីកន្លែងជាក់ស្តែងនៅតាមខេត្តមួយចំនួន ដូចជាប្រព័ន្ធស្រោចស្រព និងប្រសិទ្ធភាពនៃការបែងចែកនិងប្រើប្រាស់ទឹក តម្លៃកសិផល (ពិសេសដំឡូងមី) ការផ្សព្វផ្សាយ ការផ្ដល់ និងប្រើប្រាស់ស្រូវពូជរបស់កសិករ ការបង្កើតសហគមន៍កសិកម្ម និងការដាំដុះដំណាំកសិកម្មនៅតំបន់ព្រៃលិចទឹក ជាដើម៕

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម