ប្រតិទិនព្រឹត្តិការណ៍

មិនា 2017
ពុ ព្រ សុ អា
27 28 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 31 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យតំណាងរដ្ឋបាលគ្រប់គ្រងគុណភាព ត្រួតពិនិត្យ និងចត្តាឡីស័ក (AQSIQ) នៃសាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួសម

នៅវេលាម៉ោង ៥រសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យតំណាងរដ្ឋបាលគ្រប់គ្រងគុណភាព ត្រួតពិនិត្យ និងចត្តាឡីស័ក (AQSIQ) នៃសាធារណៈរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួសម នៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចជំនួបនេះធ្វើឡើង ក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិន ជាពិសេសលើការជំរុញការនាំចេញផលិតផលកសិកម្មពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិនអោយកាន់ តែទូលំទូលាយ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសដំណើរទស្សនកិច្ចកន្លងមក របស់គណប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលការស្វាគមន៏យ៉ាងកក់ក្តៅពីភាគីចិន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាជារួមប្រទេស ទាំងពីរ មានកិច្ចសហប្រតិបត្តិការល្អនឹងគ្នា ដោយឡែកនៅកម្រិតបច្ចេកទេសមួយចំនួន មិនទាន់បានទទួលការគាំទ្រពេញទំហឹងនៅឡើយ ជាក់ស្តែងពិធីសារនៃការនាំចេញផលិតផល កសិកម្មមួយចំនួននៅពុំទាន់បានចុះហត្ថលេខា ហើយធ្វើអោយវិស័យឯកជន ក៏ដូចជាអ្នកវិនិយោគទុនមួយចំនួននៅមិនទាន់បានទទួលផលពីការនាំចេញ កសិផលទាំងនោះ នៅឡើយ។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអោយភាគីចិនពិនិត្យពិចារណាក្នុងការជំរុញការចុះពិធីសារនេះអោយបានឆាប់រហ័សដើម្បីលើកស្ទួយដល់ប្រជាកសិករកម្ពុជា។ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអោយ AQSIQ ជំរុញការចុះពិធីសារលើការនាំចូលផលិតផលកសិកម្មពីកម្ពុជាអោយបានច្រើន ដើម្បីអាចផ្តល់លទ្ធភាពដល់ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយ បណ្តាសហគ្រាសនានានៅកម្ពុជា ក្នុងការរៀបចំយន្តការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មកម្ពុជាអោយកាន់តែទូលំទូលាយ ព្រមទាំងអាចធានាបាននូវ ទីផ្សារមួយច្បាស់លាស់ដល់កសិករកម្ពុជា។

លោក Li Jianjun ប្រធាននាយកដ្ឋានអនាម័យ និងភូតគាមអនាម័យ និងមជ្ឈមណ្ឌលស្រាវជ្រាវបទបញ្ញតិបច្ចេកទេសនិងស្តង់ដាអន្តរជាតិ នៃ AQSIQ បានថ្លែងអំណរគុណដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានកសិកម្ម ដែលបានផ្តល់កិច្ចសហការល្អជាមួយ AQSIQ យ៉ាងកក់ក្តៅ។ ដំណើរទស្សនកិច្ចលើកនេះ លោកនិង គណប្រតិភូ បានចុះពិនិត្យទីតាំងរោងម៉ាស៊ីនស្រូវអង្ករចំនួន២០ទីតាំង ដែលជាទីតាំងរៀបចំវេចខ្ចប់អង្ករសម្រាប់នាំចេញទៅកាន់ប្រទេសចិន។ លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំ របស់ប្រទេសចិន មានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការពង្រឹងគុណភាព និងសុវត្ថិភាព ចំណីអាហារទៅកាន់ប្រទេសចិន។ តាមរយៈនៃដំណើរបេសកកម្មរបស់លោក និងគណប្រតិភូ បានពិនិត្យឃើញថា អង្ករនៅកម្ពុជាមានគុណភាពល្អ និងមានសុវត្ថិភាពខ្ពស់ ហើយលោកនឹងធ្វើការរាយការណ៏ជូនថ្នាក់ដឹកនាំ AQSIQ ដើម្បីអោយទទួលយក នូវអង្ករកម្ពុជាពីរោងម៉ាស៊ីនស្រូវអង្ករទាំងនោះ។ ឆ្លើយតបទៅនឹងសំណើរបស់ ឯកឧត្តមរដ្ឋមន្រ្តី លោកនឹងធ្វើការពាំនាំនូវសំណើទាំងនោះទៅកាន់ថ្នាក់ដឹកនាំ AQSIQ ដើម្បីពន្លឿន ការចុះពិធីសារជាមួយកម្ពុជាអោយបានឆាប់រហ័ស។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាតាមរយៈនៃកិច្ចប្រជុំនាពេលនេះ នឹងជួយជំរុញអោយកិច្ចសហប្រតិបត្តិលើការនាំផលិតផលកសិកម្មពីកម្ពុជាកាន់តែមានភាពទូលំទូលាយ ហើយស្ថាប័នទាំងពីរនឹងអនុវត្តកិច្ចការងារនេះកាន់តែស្និទ្ធស្នាលជាងមុនបន្ថែមទៀត។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម