កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានដឹកនាំមន្រ្តីជំនាញនៃអង្គភាពក្រោមឱវាទរដ្ឋបាលព្រៃឈើ ចូលរួមស្តាប់ និងពិភាក្សាលើបទបង្ហាញស្តីពី ការប្រើប្រាស់ដ្រូន CW UAS សម្រាប់គ្រប់គ្រងធនធានព្រៃឈើ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បទបង្ហាញនេះត្រូវបានរៀបចំដោយក្រុមហ៊ុន CATIC មកពីសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបង្ហាញអំពីសារៈប្រយោជន៍នៃបច្ចេកវិជ្ជាដ្រូន CW series ដែលអាចប្រើប្រាស់សម្រាប់វាយតម្លៃលើការប្រើប្រាស់ដី បម្រែបម្រួលគម្របដី ការកាប់រានដីព្រៃ ការកំណត់មុខសញ្ញា និងការតាមដានសកម្មភាពនានា (ទាំងពេលថ្ងៃ និងយប់) ការវាយតម្លៃដោយឆាប់រហ័សអំពីភ្លើងឆេះព្រៃ ព្រមទាំងចែករំលែកបទពិសោធន៍នៃការប្រើប្រាស់ ដ្រូន CW series ពាក់ព័ន្ធនឹងវិស័យព្រៃឈើកន្លងមកជាដើម។
នាថ្ងៃទី ០៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងព្រៃឯកជននៃរដ្ឋបាលព្រៃឈើ បានចុះរៀបចំការងារកាត់តម្រឹមដើមមេប្រេងខ្យល់ ការដាក់ជីដើមមេ និងការកាត់ត្រួយបណ្តុះ (ប្រភេទប្រេងខ្យល់-Eucalyptus sp. និង អាកាស្យា-Acacia hybrid) ស្ថិតនៅក្នុងភូមិសាស្ត្រភូមិដំណាក់អំពិល ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ដើម្បីឱ្យការងារនេះអនុវត្តមានប្រសិទ្ធិភាពខ្ពស់ ក្រុមការងារបានធ្វើការណែនាំការងារបច្ចេកទេសបន្ថែមទៀតដល់មន្ត្រីអនុវត្តន៍ទីវាល និងបុគ្គលិកបណ្តែតដែលធ្វើការនៅថ្នាលបណ្តុះកូនឈើរបស់នាយកដ្ឋាន។
នាថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលព្រៃឈើបានរៀបចំសិក្ខាសាលាចាប់ផ្តើមគម្រោង និងកិច្ចប្រជុំលើកទី១នៃគណៈកម្មការដឹកនាំគម្រោងស្តីពី"ការបង្កើតសួនអាស៊ាន-កូរ៉េនៅកម្ពុជា" ក្រោមអធិបតីភាពលោក ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ និងការចូលរួមដោយសមាជិកគណៈកម្មាការដឹកនាំគម្រោងដែលមកពីរដ្ឋបាលព្រៃឈើ អង្គការ AFoCO KMFCC សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប។ សិក្ខាសាលា និងកិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយអំពីការចាប់ផ្តើមគម្រោង ព្រមទាំងពិភាក្សា និងសម្រេចលើផែនការសកម្មភាព និងផែនការថវិកាប្រចាំ២០២៣។
នាព្រឹកថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញជាគណៈអធិបតីនៃសិក្ខាសាលាពិគ្រោះយោបល់អ្នកពាក់ព័ន្ធថ្នាក់ជាតិសម្រាប់ការរៀបចំបង្កើតគម្រោងស្តីពី សកម្មភាពសហគមន៍ដើម្បីនិរន្តភាពព្រៃឈើ (Community Action for Sustainable Forest, CASFor) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា។ សិក្ខាសាលានេះ រៀបចំរួមគ្នាដោយដៃគូអភិវឌ្ឍន៍ដូចជា FAO UNDP SDC RECOFTC និង WCS ព្រមទាំងមានចូលរួមដោយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីនៃក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធសរុបចំនួន ៤០នាក់។
កាលពីថ្ងៃទី ០១ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៣ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃនៃរដ្ឋបាលព្រៃឈើ បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវវិស័យព្រៃឈើ និងផលិតផលព្រៃឈើ (FFPRI) នៃប្រទេសជប៉ុន ចុះប្រមូលទិន្នន័យដូចជាសំណើមដី សីតុណ្ហភាពដី និងបរិយាកាស ព្រមទាំងវាស់កំពស់ដើមឈើខ្ពស់ៗ នៅតាមចំណុចដៅចំនួន ៤០ទីតាំង នៅក្នុងឡូត៍ស្រាវជ្រាវវដ្តទឹកនៃព្រៃល្បោះ ដែលមានទំហំ៤ហិកតា ស្ថិតនៅភូមិសាស្ត្រខេត្តក្រចេះ និងឡូត៍ព្រៃល្បោះ និងព្រៃស្រោង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ការសិក្សានេះក៏បានកត់ត្រានូវបម្រែបម្រួលនៃសារព័ន្ធរុក្ខជាតិតាមប្រភេទព្រៃនីមួយៗផងដែរ ដូចជាការជម្រុះស្លឹក ការចេញស្លឹកថ្មី និងការចេញផ្កា-ផ្លែជាដើម។
នារសៀលថ្ងៃព្រហស្បត្តិ៍ ១២កេីត ខែមាឃឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៣ រដ្ឋបាលព្រៃឈើ បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្ដលេីរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ តម្រង់ទិសឆ្នាំ២០២៣ និងលេីកទិសដៅឆ្នាំ២០២៤” (ផ្នែកព្រៃឈើ) ក្រោមអធិបតីភាព លោក ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈេី ប្រធាននាយកដ្ឋាន វិទ្យាស្ថាន ឧទ្យាន សួនសត្វ និងមន្ត្រីក្រោមឱវាទសរុបចំនួន ២៥រូប។ គោលបំណងនៃកិច្ចប្រជុំដេីម្បី (១)ពិនិត្យបន្ថែមលេីរបាយការណ៍សង្ខេបប្រចាំឆ្នាំ២០២២ (២)ពិនិត្យ បន្ថែមលេីសូចនាករ តម្រង់ ទិស ឆ្នាំ២០២៣ និងរៀចំដាក់សូចនាករ លេីកទិសដៅឆ្នាំ២០២៤ និង (៣)ពិភាក្សា រួមលេីប្រធានបទ និងកំណត់ថ្ងៃយកបទបង្ហាញ "ការពង្រឹងការគ្រប់គ្រងធនធានព្រៃឈេី និងជំរុញផលិតកម្មឈេីដាំ"។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ច័ន្ទ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ និងសហការី បានជួបប្រជុំពិភាក្សាជាមួយក្រុមបេសកកម្មរបស់ JICA ពីប្រទេសជប៉ុន ដែលដឹកនាំដោយលោក ASAOKA Hiroaki ដើម្បីពិនិត្យពីការអនុវត្តគម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលកំពុងអនុវត្តនៅក្នុងសហគមន៍ព្រៃឈើភ្នំតាគង់ ខេត្តស្ទឹងត្រែង។
Address: #40, Preah Norodom Bldv., Phsar Kandal 2, Daun Penh, Phnom Penh, Cambodia
អាសយដ្ឋាន៖ អគារលេខ ៤០ មហាវិថីព្រះនរោត្ដម សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា
Tel / ទូរស័ព្ទ៖ (855) 23 214 651
Fax / ទូរសារ៖ (855) 23 212 201
Facebook Page / គេហទំព័រហ្វេសប៊ុក: www.facebook.com/forestry.maff.gov.kh
Website / វែបសាយ៖ fa.maff.gov.kh